header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តាមរយៈកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប) ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ បានបញ្ជូនកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ រួមទាំងនារី១០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារដ្ឋអាហ្វ្រិកកណ្តាល។

ពិធីបញ្ជូនដំណើរកងវិស្វកម្ម ទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព នាយកឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។

ដោយឡែក កម្មវិធីមាតុភូមិនិវត្តន៍ នៃកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ ក្នុងនោះមាន នារីចំនួន១៤នាក់ ពីសាធារណរដ្ឋអាហ្រ្វិកកណ្ដាល និងកងរាជអាវុហត្ថលេខ៦១៨ ចំនួន៧៣ នាក់ ក្នុងនោះរួមមាននារីចំនួន៩នាក់ ពីសាធារណរដ្ឋស៊ូដង់ខាងត្បូង នឹងត្រូវរៀបចំឡើង ក្រោ មអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨នៅ មូលដ្ឋានអាកាសពោធិ៍ចិនតុង។

សូមជម្រាបថា កងវិស្វកម្មលេខ៥៩៤ គឺជាកងវិស្វកម្មលើកទី៥ហើយ ដែលត្រូវបញ្ជូនទៅចូលរួមបេសកម្មរក្សាសន្តិភាព អ.ស.ប នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយកងនេះនឹងត្រូវប្តូរវេន ជំនួសកងវិស្វកម្មលេខ៩៥៤ ដែលបានសម្រេចភារកិច្ច ដោយជោគជ័យ ក្នុងបេសកម្មរក្សាសន្តិភាព អ.ស.ប អាណត្តិ១ ឆ្នាំ របស់ខ្លួននៅសាធារដ្ឋអាហ្វ្រិកកណ្តាល។

សូមរំលឹកថា លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ បានលើកឡើងថា ប្រទេសកម្ពុជា ពិតជាមានឆន្ទៈពិតប្រាកដ ក្នុងការជួយដល់អង្គការសហប្រជាជាតិ ពិសេសវត្តមានកងទ័ពមួកខៀវ ដែលពោរពេញទៅដោយវិន័យ និងសមត្ថភាពពេញលេញ ក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post