header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់ ហើយស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើងបែកឈាមប្រឡាក់ពេញខ្លួន ខណៈបក្ខពួកម្នាក់ទៀត បានបន្ថែមល្បឿនម៉ូតូឡើងបះសក់ច្រូង គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីកម្មការិនីរោងចក្រម្នាក់ កាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ សុខ ថា ហៅហុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឌួង សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលគេចខ្លួនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ដោយឡែក​ជនរងគ្រោះឈ្មោះ ឡុង ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិពោធិ៍រ៉ា ឃុំភ្នំបាទ ស្រុកពញ្ញាឮ ខេត្តកណ្តោល។

នារីរងគ្រោះ បានឲ្យដឹងថា មុនពេល​កើតហេតុ រូបនាងបានចេញពី​កន្លែងធ្វើការត្រឡប់ទៅផ្ទះដោយជិះម៉ូតូម្នាក់ឯង ម៉ាកស្កូបពី ពណ៌ស ខណៈដល់ចំណុចខាងលើ បានដកទូរស័ព្ទម៉ាកអាហ្វូនស៊ីចប្លើស ពណ៌ខ្មៅ ខលទៅរកឪពុកពេលនិយាយចប់ រៀបដាក់ចូលក្នុងហោប៉ៅខោលវិញ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រឹមសង់ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកពីក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទនាងបានសម្រេច ពេលនោះនាងបានដេញតាមពីក្រោយស្រែកចោរៗ ពេលនោះជនសង្ស័យអង្គុយផ្នែកខាង ក្រោយបានធ្លាក់ពីម៉ូតូ ត្រូវបានប្រជាពលរដ្ឋនៅក្បែនោះព័ទ្ធចាប់បានម្នាក់វាយម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យ​សមត្ថកិច្ចពេលក្រោយ ចំណែកម្នាក់ទៀតបើកម៉ូតូគេចខ្លួនបាត់ ដោយទាំងទូរស័ព្ទរបស់ជនរងគ្រោះទៅដែរ​។

ក្រោយកើតហេតុ​ជនរងគ្រោះបានត្រឹមតែមក​ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ច ខណៈ ទូរស័ព្ទរបស់នាងបានបាត់ទៅហើយ។ ចំណែកជសង្ស័យ ដែលចាប់បាន ហើយពលរដ្ឋស្វាគមន៍ រងរបួសធ្ងន់ សមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអន្លង់ក្ងានបណ្តោះអាសន្នសិនមិនទាន់បានសាកសួរលំអិតឡើយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post