កំពង់ស្ពឺៈ ឆ្លៀតឱកាសចំថ្ងៃសម្រាកបុណ្យអុំទូក ស្រាប់តែក្រុមជនខិលខូចបានយកគ្រឿងចក្រទៅធ្វើការឈួសឆាយលើដីរបស់ប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចារមកឲ្យអភិបាលខេត្តកំពង់ស្ពឺ និងប្រធានមន្ទីររៀបចំដែនដីខេត្ត ជួយធ្វើការដោះស្រាយ និងចេញប័ណ្ណកាន់កាប់(ប្លង់)នោះ។
បើតាមប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ក្រសួងដែនដី ដែលចំណានេះ ធ្វើឡើងដោយលោក ឆាន់ សាផាន រដ្ឋមន្ត្រីស្តីទី។ ស្រាប់តែនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាម្សិលមិញនេះ ត្រូវនឹងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក ស្រាប់តែមានគ្រឿងចក្រមួយគ្រឿង ចូលលួចទៅធ្វើការឈួសឆាយដោយក្រុមជនខិលខូចមួយក្តាប់តូច រួមមានទាំងជំនាញរដ្ឋបាលព្រៃឈើ កម្លាំងនគរបាលខេត្ត និងកម្លាំងអាវុធហត្ថផងដែរ ប៉ុន្តែពេលនោះ ប្រជាពលរដ្ឋទាំង៣គ្រួសារ ក៏ធ្វើការហាមឃាត់គ្រឿងចក្រនោះ មិនបន្តឲ្យធ្វើសកម្មភាពឡើយ។
លោកស្រី មាស ណាត អាយុ៥៦ឆ្នាំ តំណាងពលរដ្ឋទាំង៣គ្រួសារ រស់នៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា បានជារូបគាត់ និងពលរដ្ឋ២គ្រួសារទៀត ចេញមកហាមឃាត់គ្រឿងចក្រនេះ ដោយសារតែពួកគាត់ជាម្ចាស់ដី ដែលមានក្បាលដីលេខ១២០៨ ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានចំណារពីលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យលោកអភិបាលខេត្តកំពង់ស្ពឺ ធ្វើការដោះស្រាយដីខាងលើនេះឲ្យទៅពួកគាត់វិញ ទើបគាត់ហ៊ានមកហាមឃាត់យ៉ាងដូច្នេះ។
លោកស្រីបញ្ជាក់ថា ដីរបស់គាត់នេះ ពួកគាត់បានធ្វើការកាប់ឆ្ការដោយកាំបិត ពូថៅ ចបជីក ចបកាប់ មានទាំងព្រៃក្រាស់គ្រាប់កាំភ្លើងថែមទៀតផង តាំងពីអំឡុងឆ្នាំ១៩៩៣មកម៉្លេះ ដោយបានអាស្រ័យផល ដាំដំណាំធ្វើស្រែស្រូវផងដែរ។ ស្រាប់តែក្នុងឆ្នាំ១៩៩៨ មានក្រុមមេព្រៃ មកបោះទីតាំងលើដីពួកគាត់មិនបានសុំពួកគាត់ឡើយ ទើបពួកគាត់ទៅសួរនាំមេព្រៃទាំង២នាក់នោះ ពួកគេនិយាយថា សុំស្នាក់នៅបណ្តោះអាសន្នសិន បើម្ចាស់ដី (ប្រជាពលរដ្ឋ) ត្រូវការពេលណាម៉ោងណា ពួកគេនឹងរើចេញភ្លាមៗ ដោតឥតលក្ខខ័ណ្ឌឡើយ។ ប៉ុន្តែលុះដល់ឆ្នាំ១៩៩៩ ពួកគាត់បានចូលមកធ្វើការងារបង្កបង្កើនផល ស្រាប់តែក្រុមមេព្រៃទៅហាមឃាត់ពួកគាត់ លែងឲ្យចូលមកក្នុងដីពួកគាត់តទៅទៀត ហើយពួកគាត់ក៏បានដាក់ពាក្យបណ្តឹងរហូតមកដល់ពេលនេះ ទើបមានចំណារពីរដ្ឋមន្ត្រីក្រសួងហើយ នៅមានក្រុមជនខិលខូចមួយក្តាប់តូច នៅតែបំពានលួចយកគ្រឿងចក្រទៅធ្វើការឈួសឆាយចំថ្ងៃបុណ្យអុំទូកទៅវិញទៀត។ លោកស្រីថា សកម្មភាពទាំងនេះ ធ្វើឡើងទាំងបំពានលើចំណាររបស់រដ្ឋមន្ត្រី។
ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា តើមានចំណាររបស់រដ្ឋមន្ត្រីហើយ ហេតុអ្វីបានជាមិនគោរពច្បាប់ទៀតនោះ? ហើយបើសិនជាមនុស្សល្អមិនលួចដីគេនោះ ជាដីរបស់ខ្លួនឯង គេធ្វើការឈួសឆាយមិនខ្វះថ្ងៃឈួសឆាយនោះទេ ហើយក៏មិនចាំបាច់មានកម្លាំងប្រដាប់អាវុធ មកច្រើនកុះករនោះដែរ។
ពួកគាត់ទាំង៣គ្រួសារ សូមសំណូមពរដល់រដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងសម្តេចតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ឲ្យពួកគាត់ទាំង៣គ្រួសារ ជាម្ចាស់ដីផង ព្រោះពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ មានមុខរបរដើររើសអេតចាយនោះទេ ហើយមានដីតែប៉ុណ្ណឹងទុកគ្រាន់បង្កបង្កើនផលចិញ្ចឹមជីវិតតកូនចៅ៕