header ads

Sponsor

រិទ្ធី

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានត្អូញត្អែរថាពិបាកសុំទិដ្ឋាការ (Visa) ទៅលេងកូននៅសហរដ្ឋអាមេរិក។ នេះបើយោងតាមហ្វេសប៊ុករបស់លោក។

លោក កែវ រ៉េមី បានសរសេរថា៖ នឹកកូនពេករត់ទៅសុំ VISA (ទិដ្ឋាការ) អាមេរិក។ ពីមុនសុំបានៗ តែពេលនេះប្លែក គេពន្យាលពេល៣សប្តាហ៍ ថាឱ្យឬមិនឱ្យ។ ចូលជិត១០ថ្ងៃហើយៗនៅមិនទាន់ទទួលដំណឹង។ នៅសល់តែ២ថ្ងៃទៀតទោះជាឱ្យក៏ទៅមិនបានដែរពីព្រោះរវល់ខ្លាំង។ សិទិ្ធមនុស្សនៅឯណា។

លោកបានបញ្ជាក់ថាមានបងប្អូនយើងមួយចំនួនតូចដែលមិនបានដឹង៖ ១ -គ្រួសារខ្ញុំទៅនៅអាមេរិកដោយសារគេចពីសង្គ្រាមក្រោយឆ្នាំ ១៩៧៩។ ២- ចោទខ្ញុំពុករលួយគឺខុស។ កូនខ្ញុំរៀនចប់ដោយសារខ្ចីលុយក្នុងសាលា ពេលរៀនចប់ត្រូវសងគេវិញ។ នេះក៏ជាចំណុចដែលគាត់បាននិងបន្តធ្វើការនៅអាមេរិកបន្តទៀត ។ ពេលសងអស់គាត់នឹងត្រឡប់មកខ្មែរវិញ ពីព្រោះជាប្រទេសយើង។ ៣- នៅឆ្នាំ១៩៩៨ អាមេរិកបានផ្តល់សញ្ជាតិអាមេរិកាំងឱ្យខ្ញុំ តែខ្ញុំមិនទៅទទួលនោះទេ។នេះជាការពិត, មានសាក្សីនៅរស់មួយចំនួនដែលគេតែងតែហួសចិត្តជាមួយខ្ញុំ។

ទាក់ទងនឹងរឿងនេះលោក ឆាម ឆានី អ្នកគាំទ្របក្សប្រឆាំងបានលើកឡើង៖ ហ៊ុន សែន និងមន្ត្រីធំៗក្នុងរបប ហ៊ុន សែន តែងតែវាយប្រហារអាមេរិក និងប្រទេសប្រជាធិបតេយ្យមួយចំនួនទៀតដូចជា អូស្ត្រាលី កាណាដា បារាំង និងអាល្លឺម៉ង់ ជាដើម ដែលបានរិះគន់របប ហ៊ុន សែន ក្នុងរឿងពុករលួយ រំលោភសិទ្ធិមនុស្ស បោះឆ្នោតឡប់ឡែ ថាជាប្រទេសមិនល្អ ហើយពួកគាំទ្ររបប ហ៊ុន សែន មួយចំនួនវាយប្រហារតាមទាំងងប់ងល់។

ធាតុពិតទាំងកូន ហ៊ុន សែន ទាំងកូន ចៅពួកមន្ត្រីទាំងនោះសុទ្ធតែត្រូវបានបញ្ជូនឲ្យទៅរៀននៅអាមេរិក អូស្ត្រាលី បារាំង អង់គ្លេស អាល្លឺម៉ង់ និងប្រទេសប្រជាធិបតេយ្យមួយចំនួនទៀត ខណះកូនអ្នកគាំទ្របន្ទរតាមរបប ហ៊ុន សែន ជាច្រើនគ្មានលទ្ធភាពចេញទៅសិក្សានៅបរទេស។

ករណីវាយប្រហារអាមេរិក អូស្ត្រាលី កាណាដា បារាំង ឬអាល្លឺម៉ង់ ថាជាប្រទេសមិនល្អ ហើយបែជានាំគ្នាបញ្ជូនកូន ចៅ ទាំងហ្វូងឲ្យទៅរៀន ឬសុំសិទ្ធរស់នៅក្នុងប្រទេសគេនោះ វាល្មមសមជាហេតុផលដល់អ្នកគាំទ្របន្ទរតាមយ៉ាងងប់ងល់ពិចារណាហើយថា បើប្រទសគេមិនល្អមែន ហេតុអី ហ៊ុន សែន និងមន្ត្រីធំៗ អ្នកមានលុយក្នុងរបប ហ៊ុន សែន នាំគ្នាបញ្ជូនកូន ចៅ ឲ្យទៅរៀន និងរស់នៅស្រុកគេ?។

គួររំលឹកថា កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ២០១៧ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជាបាន​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា​ដែល​មាន​តួនាទី​ចាប់​ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​តិច​តួច​ប៉ុណ្ណោះ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post