Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ​ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ​ឆ្នាំ២០១៨​ ខណ:ដែលមានស្ត្រីវ័យកណ្តាលម្នាក់ បានរត់ចេញពីក្នុងរថយន្តហាយឡេនឌ័រមួយគ្រឿង​ ហើយលើខ្លួនស្រោចដោយឈាមក្រហមឆ្អិនឆ្អៅ ស្រែករកអ្នកជួយ​ អ៊ូយៗ​ ! លោកបងចាក់សម្លាប់ខ្ញុំហើយ។

ហេតុការណ៍ភ្ញាក់​ ផ្អើល​បានកើតនៅចំណុចដីវាលមួយកន្លែង ក្បែរអាងអម្រឹត អូរខៃដន ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកឃើញហេតុការណ៍បាននិយាយទាំងស្លន់ស្លោថា​ គេឃើញព្រះសង្ឃមួយអង្គ គង់នៅក្នុងរោងលក់ដូរមួយក្បែរកន្លែងកើតហេតុ បន្ទាប់មកក៏មានរថយន្តហាយឡេនឌ័រមួយគ្រឿង បើកបរដោយស្ត្រីរងគ្រោះបានមកដល់ ។ ព្រះសង្ឃអង្គនោះ ក៏ងើប ហើយនិមន្តចូលទៅក្នុងរថយន្តហាយឡេនឌ័រ ដែលទើបបើកមកដល់ ។ មួយសន្ទុះក្រោយមក គេបានឃើញស្ត្រីជាម្ចាស់រថយន្តបានបើកទ្វារ ហើយរត់ស្រែកឲ្យគេជួយទាំងខ្លួនស្រោចដោយឈាមជោកជាំ។ អ្នកជិតខាង ក៏ស្ទុះទៅជួយដោយគិតថា ជាអំពើប្លន់​ ហើយក៏ប្តឹងសមត្ថកិច្ចចុះទៅជួយអន្តរគមន៍ និងឃាត់ខ្លួនភ្លាមៗព្រះសង្ឃដែលសង្ស័យថា បានចាក់ស្ត្រីរងគ្រោះឲ្យរបួសធ្ងន់នោះ ។

នៅចំពោះមុខសមត្ថកិច្ច ព្រះសង្ឃដៃដល់ បានរៀបរាប់ថា​ ព្រះអង្គមានព្រះនាម ទន់​ សាវន​ មានព្រះជន្ម ៥២ព្រះវស្សា គង់នៅវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ ស្ថិតនៅកណ្តាល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ព្រះអង្គបានស្គាល់ និងបង្កាត់ភ្លើងស្នេហ៍ជាមួយស្ត្រីរងគ្រោះឈ្មោះ​ សេង​ ផល្លា​ អាយុ​៤៦​ឆ្នាំ​ ​ ជាអាជីវករវេរលុយវីង នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​ តាំងពីព្រះអង្គគង់នៅក្នុងវត្តផ្សារកណ្តាលមកម្ល៉េះ ដោយកាលណោះ​ ស្ត្រីរងគ្រោះសុំឲ្យព្រះអង្គសឹក និងយកគ្នាជាប្តីប្រពន្ធ។

ប្រភពបន្តថា ក្រោយមកព្រះអង្គក៏សឹកតាមការសុំ​ តែមិនដូចការសន្យា​ ក្រោយការសឹករយ:ពេលពីរឆ្នាំ គឺបានត្រឹមតែជួបគ្នាម្តងម្កាលក្នុងរូបភាពលួចលាក់ប៉ុណ្ណោះ​ ។ បន្ទាប់មក ស្ត្រីរងគ្រោះបានដេញឲ្យព្រះអង្គទៅបួសវិញ​ ដោយកាលណោះ បួស និងគង់នៅវត្តភ្នំបាក់លើ ដែលទើបតែមានរឿងអាស្រូវថ្មីៗ ។

ព្រះអង្គ​ ទន់​ សាវន​ បន្តថា ក្នុងនាមជាបុព្វជិតព្រះអង្គ និងស្ត្រីរងគ្រោះ​ សេង​ ផល្លា​ តែងផ្តោះផ្តងក្នុងនាមជាសង្សារតាមទូរសព្ទ័ រហូតណាត់ជួបគ្នានៅកន្លែងកើតហេតុនេះតែម្តង។ ព្រះអង្គបញ្ជាក់ថា​ មូលហេតុដែលឈានដល់ការយកដែកឆាបចាក់លើបំពងកស្ត្រីជាស្រីស្នេហ៍ គឺអ្នកទាំងពីរព្រមស្លាប់ជាមួយគ្នា ក្នុងគ្រានោះ ។

​បន្ទាប់ពីទទួលបានចម្លើយសារភាព​ ធម្មការស្រុក បានសម្រេចចាប់ផ្សឹក និងប្រគល់ជនដៃដល់ឲ្យទៅសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី ​ ចំណែកស្ត្រីរងគ្រោះកំពុងបន្តព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor