ស្វាយរៀងៈ សត្វប្រវឹក២៤ជាល ស្មើ៥២៨ក្បាល បម្រុងលោតឆត្រឆ្លងដែនទៅប្រទេសវៀតណាម ត្រូវក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ (អង្គការវ៉ាយអេត) បង្ក្រាបចាប់ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ និងដកហូតវត្ថុតាងមានសត្វប្រវឹក៥២៨ក្បាល រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 2A4954 និងផាកពិន័យជាប្រាក់ជិត៤ពាន់ដុល្លារ ថ្នូរដោះលែងជនល្មើសឲ្យមានសេរីភាពវិញ ។
បើតាមមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀងបានបង្ហើបថា ការបង្ក្រាបធ្វើឡើងនៅវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិ ស្នាយគ្រាង ឃុំ ធ្លក ស្រុក ស្វាយជ្រំ ខណៈដែលជនល្មើសបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម ។
ប្រភពថា ដោយមានការសង្ស័យ រថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ដឹកសត្វព្រៃ មកពីខេត្តកំពង់ចាម ចូលមកដល់ភូមិសាស្ត្រ ទឹកដី ខេត្តស្វាយរៀង តាមផ្លូវជាតិលេខ ៣១០ ក្រុមសមត្ថកិច្ចចម្រុះ នៃអង្គការវ៉ាយអេដ ដែលជាក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃ ចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ស្វាយរៀង និងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះបង្ក្រាប ចាប់ឃាត់រថយន្តបទល្មើសខាងលើ រួមទាំងវត្ថុតាងសត្វព្រៃ គឺសត្វប្រវឹកចំនួន២៤ជាល ស្មើ៥២៨ក្បាល ត្រង់ចំណុចភូមិស្នាយគ្រាង ព្រមទាំងឃាត់ខ្លួនមនុស្ស០២នាក់ ស្រីម្នាក់ បញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀងដើម្បីសាកសួរ ។
ប្រភពបន្តថា ក្រោយពីសាកសួររួច នៅវេលាម៉ោង៩ និង០០នាទីព្រឹក ពិនិត្យឃើញថា សត្វប្រវឹកទាំង៥២៨ក្បាល មានសុខភាពមិនសូវល្អ ក៏សម្រេចបញ្ជូនទៅកាន់សួនសត្វភ្នំតាម៉ៅដើម្បីសង្គ្រោះ ហើយដោយសត្វប្រវឹក គឺជាសត្វប្រភេទមានដោយបង្គួរ ច្បាប់តម្រូវឲ្យជនល្មើសបង់ផាកពិន័យតាមអន្តរកាល នៃច្បាប់ព្រៃឈើ បើជនល្មើសយល់ព្រមបង់តាមការផាកពិន័យគឺរួចពីការចោទប្រកាន់ ។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា ក្រុមចម្រុះបង្គាប់ឲ្យបង់ផាកពិន័យសត្វប្រវឹក១ក្បាល តម្លៃ១០ដុល្លារស្មើ៥២៨០ដុល្លារ ដោយឈ្មួញគ្មានប្រាក់បង់ ក៏នៅតវ៉ា បញ្ចុះតម្លៃ១ក្បាលនៅត្រឹម៨ដុល្លារ ស្មើ៤២២៤ដុល្លារ ហើយឈ្មួញនៅតែមិនព្រមបង់ផាកពិន័យទៀត ក៏ធ្វើរបាយការណ៍បញ្ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ។
ចុងក្រោយឈ្មួញបានសុំអង្វរបង់ផាកពិន័យ១ក្បាល៦ដុល្លារ ស្មើ៣,១៦៨ដុល្លារ ទើបរួចផុតពីការចោទប្រកាន់ ហើយដោះលែងឈ្មួញទាំង២នាក់ ឲ្យមានសេរីភាពវិញ នៅវេលាម៉ោង៥ និង៣៩នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ចំពោះសត្វប្រវឹក៥២៨ក្បាល ដកហូតយកទៅលែងនៅរមណីយដ្ឋានសត្វព្រៃភ្នំតាម៉ៅ រីឯរថយន្តត្រូវដកហូតទុករយៈពេលមួយខែ ទើបឲ្យម្ចាស់រថយន្តធ្វើសំណើសុំយកទៅប្រើប្រាស់វិញបាន ។
ទាក់ទិនករណីឈ្មួញដឹកសត្វព្រៃឆ្លងដែនទៅប្រទេសវៀងណាមនេះដែរ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា បើតាមប្រជាពលរដ្ឋរាយការណ៍ មានឈ្មួញរកស៊ីសត្វព្រៃគ្រប់ប្រភេទឆ្លងដែនទៅប្រទេសវៀតណាម ស្ទើររាល់ថ្ងៃ គឺដឹកចេញតាមរថយន្ត មានសត្វស្លាប សត្វស្វា សត្វពស់ អណ្តើក និងត្រកួតជាដើម ក៏ប៉ុន្តែយូរៗទើបចាប់បានម្តង ដោយខេត្តស្វាយរៀង មានច្រករបៀងច្រើនពិបាកក្នុងការបង្ក្រាប ៕