header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ព្រលឹងចុងសក់! បុកនោះបុកតាំងពីស្តុបលូប្រាំ មកដល់ច្រមុះជ្រូកស្ទឹងមានជ័យ មុខអាវុធហត្ថក្រុង បង្កឲ្យប្រជាពលរដ្ឋមានការភិតភ័យ និងតក់ស្លុតយ៉ាងខ្លាំង ខណៈពេលមានរថយន្តមួយគ្រឿង របស់កងដឹកជញ្ជូនរបស់លោក ហាក់ ម៉ៅ ដែលមានអក្សរ “M” បើកបុករះបង្កឲ្យមានអ្នករងរបួសក្មេងចាស់ប្រុសស្រី៦នាក់ (ធ្ងន់ម្នាក់ និងស្រាល៤នាក់) និងរងការខូចខាតរថយន្ត៦គ្រឿង រ៉ឺម៉ក៤គ្រឿង ម៉ូតូ៣គ្រឿង និងផ្ទះចំនួន៣ល្វែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តយីឌុប ១គ្រឿង ពណ៌ត្រអ៊ុ ពាក់ស្លាកលេខ ភ្នំពេញ 3-A7503 ធ្វើដំណើរតាមបណ្តោយផ្លូវវែងស្រេង ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចស្តុបលូ៥ ខណៈមានរថយន្ត និងរ៉ឺម៉ក ម៉ូតូ ជាច្រើនគ្រឿង កំពុងតែឈប់នៅមុខរថយន្តបង្ក ស្រាប់តែរថយន្តខាងលើ បានបើកបុករះជាបន្តបន្ទាប់ ហើយបន្ថែមល្បឿនទៅមុខយ៉ាងលឿន រហូតមកដល់មុខអាវុធហត្ថក្រុង ក៏បានបុកចូលផ្ទះប្រជាពលរដ្ឋអស់៣ល្វែងថែមទៀត ទើបធ្វើឲ្យរថយន្តទៅមុខលែងរួច។

ភ្លាមៗនោះដែរ អ្នកបើកបររថយន្តបង្កបម្រុងបើកទ្វាររថយន្តចុះរត់គេចខ្លួន តែត្រូវបានកម្លាំងអាវុធហត្ថឃាត់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញខណ្ឌមានជ័យ បានសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍ក្រុង បានចុះមកវាស់វែង និងជួយសម្រួលចរាចរណ៍ នៅនឹងកន្លែងកើតហេតុផងដែរ។

គេឃើញមានវត្តមាន​របស់​លោក ពេជ្រ​ កែវមុនី​ អភិបាល នៃ​គណៈអភិបាលខណ្ឌមានជ័យ​ និងលោកចៅសង្កាត់ស្ទឹងមានជ័យ៣ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ភ្លាមៗផងដែរ។

ក្រោយពេលធ្វើការវា់វែងរួច សមត្ថកិច្ចបានយករថយន្តស្ទូចយករថយន្តបង្ក និងរថយន្តខូចខាត រួមនិងរ៉ឺម៉កទាំងអស់ ដែលរងការខូចខាតយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post