header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការលើកឡើងរបស់លោក សម រង្ស៊ី ដែលថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្របពេលនឹងការរៀបចំកម្មវិធីជាលក្ខណៈធំដុំ ក្នុងការបញ្ចប់សង្រ្គាមរយៈ២០ឆ្នាំនៅកម្ពុជា រាជរដ្ឋាភិបាល នឹងដោះលែងលោក កឹម សុខា ដោយសាររងសម្ពាធអន្តរជាតិនោះ គឺជាការភូតកុហក និងបោកប្រាស់សុទ្ធសាធ។ ដូច្នេះ ពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស កុំជឿសម្ដីលោក សម រង្ស៊ី ព្រោះមនុស្សប្រភេទនេះ គិតតែពីដេក ដើម្បីគិតតែពីរករឿងអាក្បួនភូតកុហកបោកប្រាស់ពលរដ្ឋ។

ការលើកឡើងរបស់សម្ដេចតេជោ បន្ទាប់ពីលោក សម រង្ស៊ី បានថ្លែងក្នុងហ្វេសប៊ុក កាលពីថ្ងៃទី៦ ខែវិច្ឆិកាថា លោកទទួលបានព័ត៌មានពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ថា សម្តេច ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសខួបទី២០ នៃនយោបាយឈ្នះ-ឈ្នះ។ តាមការពិតការដោះលែងលោក កឹម សុខា នេះ ធ្វើឡើងក្រោមសម្ពាធអន្តរជាតិសុទ្ធសាធ ហើយជាជំហានទី១ ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្មពីសហភាពអឺរ៉ុប។

ដីកាសម្រេចរបស់តុលាការ បានដាក់ជនត្រូវចោទលោក កឹម សុខា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់របស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ដីកានេះ បានហាមឃាត់លោក កឹម សុខា មិនឲ្យជួបថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងបុគ្គល ដែលពាក់ព័ន្ធនឹងសំណុំរឿងអំពើក្បត់ជាតិ។ ក្នុងនោះ តុលាការក៏កំណត់មិនឲ្យលោក កឹម សុខា ទៅណាផ្សេងក្រៅពីលំនៅឋានដែលមានទីតាំង ស្ថិតនៅលើផ្លូវលេខ៣១៣ លោក កឹម សុខា ពោល គឺមិនត្រូវចេញក្រៅពីព្រំប្រទល់ដែនដី ដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវ៦០៨ជាដើម។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង២ម៉ឺននាក់ នៅខេត្តតាកែវ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបោកប្រាស់របស់លោក សម រង្ស៊ី គឺដើម្បីចញ្ចឹមឆ្នាំងបាយតែប៉ុណ្ណោះ។

សម្ដេចតេជោបន្តថា “សម រង្ស៊ី គាត់បង្ហោះនៅក្នុងហ្វេសប៊ុកគាត់ថា ថ្ងៃទី២៩នេះ លោក ហ៊ុន សែន នឹងដោះលែង កឹម សុខា ដែលគាត់ហៅថា ធ្វើខួបលើកទី២០ នៃនយោបាយ ឈ្នះ-ឈ្នះហើយនេះក្រោមសម្ពាធអន្តរជាតិ។ ហែងចាំទៅៗ ហើយអ្នកគាំទ្រអ្នកឯងចាំមើលទៅ ខ្ញុំគ្រាន់តែបញ្ជាក់តែប៉ុណ្ណឹងទេ ចាំមើលទៅអាមេខ្លួនឯងបោកកូនខ្លួនឯង ដើម្បីឲ្យវាដឹង”។

សម្ដេចអះអាងថា ករណីលោក កឹម សុខា មិនទាន់កាត់ទោសនៅឡើយ ដូច្នេះមិនទាន់មានទោស ដើម្បីលើកលែងនៅឡើយ។ បញ្ហាទាំងនេះ នាយករដ្ឋមន្ដ្រីកម្ពុជា គ្មានសិទ្ធិចុះហត្ថលេខា ដើម្បីថ្វាយព្រះមហាក្សត្រ សុំព្រះរាជទានលើកលែងឲ្យអ្នកណាទាំងអស់ នៅពេលខ្លួនស្ថិតក្នុងក្របខ័ណ្ឌនៃពិរុទ្ធជន ឬក៏សាលក្រមមិនទាន់ចេញជាស្ថាពរ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ជាពិសេសសារដ៏ខ្លីមួយថា ចាំសេះដុសបានវាកើត ប៉ុន្ដែអានេះប្រហែលវានឹកឃើញស្អីមួយ មួយថ្ងៃៗ វាដេកគិតតែពីរឿងអាក្បួនភូត ជួនកាលរវាបង្ហោះលេង ប្រហែលវាយកឡាច(like)មើលទៅ។ ប៉ុន្ដែអានេះបង្ហោះខាត បង្ហោះភូត ដល់ពេលចឹងគេថា ហ៊ុន សែន ទទួលសម្ពាធអន្តរជាតិ។ ឥឡូវអញ មិនដោះហែងធ្វើអីអញ និយាយចឹងតែម្ដង ហែងធ្វើអីអញ នេះគឺជាកម្ពុជាឯករាជ្យ ហើយភូតគ្រប់កន្លែង”។

សម្ដេចបន្ដថា លោក សម រង្ស៊ី ភូតពលរដ្ឋខ្មែរ នៅអាមេរិក ដោយនិយាយថា អាមេរិក មិនឲ្យសម្ដេច ចូលទឹកដី ហើយថា អង្គការសហប្រជាជាតិ (UN) បានដកហូតអាសនៈកម្ពុជា ក្រោយមកថា អង្គការសហប្រជាជាតិ មិនដកហូតអាសនៈពីកម្ពុជាទេ ប៉ុន្ដែអង្គការអន្តរជាតិមួយនេះ មិនឲ្យសម្ដេចចូល។ មួយវិញទៀត ដល់ពេលសម្ដេច បានទៅដល់កន្លែងអង្គុយនៅក្នុង UN លោក សម រង្ស៊ី មានលេសទៀតថា នឹងប្រកាសធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេច។ ស្រាប់តែមួយថ្ងៃក្រោយមក លោក សម រង្ស៊ី ប្រកាសថា ខ្លួនឈប់ធ្វើបាតុកម្ម ដូច្នេះមនុស្សដូចលោក សម រង្ស៊ី ភូតគ្រប់កន្លែងតែម្ដង។

សម្ដេចបន្ថែមថា ក្រោយមកលោក សម រង្ស៊ី បានភូតនៅសហភាពអឺរ៉ុបថា តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ នឹងចាប់សម្ដេចតេជោ ដល់ពេលសម្ដេច ទៅដល់គ្មានបញ្ហាអ្វីកើតឡើងទាំងអស់។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា គ្មានអ្វីចម្លែកនោះទេ ដែលលោក សម រង្ស៊ី ដើរឲ្យគេផ្ដាច់ជំនួយពីកម្ពុជា និងកុំឲ្យវិនិយោគមកបណ្តាក់ទុន នៅកម្ពុជាបន្ដទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post