header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក BMW ក្នុងល្បឿនលឿនដូចហោះ រេចង្កូតទៅបុក​របាំងថ្មចែកទ្រូងផ្លូវ លាន់លឺដូចរន្ទះ​ បណ្តាលឲ្យរបួសបែកមុខបែកមាត់ ហើយបាក់អស់ចំនួន៤កង់ និងដាច់កង់មុខផ្នែកខាងឆ្វេង រថយន្តមិនទាន់អស់ល្បឿន ក៏បើកបន្តទាំងដាច់កង់ បានប្រហែល៥០ម៉ែត្រ ក៏ឡើងលើចិញ្ចើម ផ្ទុះកង់ឆ្វេងខាងក្រោយទៀត បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០២:០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខរោងចក្រកាត់ដេរ "ផាកស៊ុន" ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង ​សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នករត់កង់បីដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់មកកាន់ភ្នាក់ងារខេមប៉ុស្តិ៍ដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាក BMW (ជាប្រភេទរថយន្តស៊េរីទំនើប) ពណ៍​កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AC-1611 ដោយមានបុរសជនជាតិចិនម្នាក់​ជាអ្នកបើកបរ ​ក្នុងស្ថានភាព​ស្រវឹងស្រា បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ​ លុះដល់ចំណុចកើតហេតុមុខ​រោងចក្រ​កាត់ដេរ​ "ផាកស៊ុន" ស្រាប់តែរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ​ លាន់លឺដូចរន្ទះ​ បណ្តាលឲ្យរបាំងថ្មបាក់អស់ចំនួន៤កង់ ខ្ទាត​រាយប៉ាយ​ពេញផ្លូវ និងរថយន្តដាច់កង់ឆ្វេងខាងមុខ ខ្ទាតចេញទៅកណ្ដាលផ្លូវ ហើយរថយន្តមិនទាន់អស់ល្បឿនបានបើកទៅទាំងដាច់កង់ អូស​កកិត​នឹងថ្នល់ប្រហែលជា៥០ម៉ែត្រទៀត​ ឡើងលើ​ចិញ្ចើម​ផ្លូវ​ ផ្ទុះកង់ឆ្វេងខាងក្រោយទៀត បើកទៅមុខលែងរួច និងរថយន្តខូចខាតខ្ទេចយ៉ាងដំណំតែម្ដង។

ប្រភពបន្ថែមទៀតថា​ ក្រោយពីបើករថយន្តលេងទៅមុខ ជនជាតិចិនខាងលើនេះ មិនព្រមចុះពីលើ​រថយន្តទេ ហើយបានព្យាយាម​ទាក់ទង​ទូរស័ព្ទទៅកាន់​មិត្តភ័ក្ដិ​ដែលជា​ជនជាតិចិន មាន​ប្រុសស្រី៤-៥នាក់ទៀត មកកន្លែងកើតហេតុដែរ​ និងឃើញត្រូវរបួសលើផ្ទៃមុខ​ច្រមុះមាត់​បែកចេញឈាមផងដែរ​ ស្រាប់តែ​មិត្តភ័ក្ដិ​រ​បស់ខ្លួនមកដល់​ ជនជាតិចិនដែលជាបើកបរ បានឲ្យ​មិត្តភ័ក្ដិ​របស់ខ្លួន​អូសម៉ូតូ​ដែលនៅមុខរថយន្ត​ចេញឲ្យអស់ រួច​បញ្ឆេះ​រថយន្ត​ ជាន់​ហ្គែរ​បម្រុងបើកទៅមុខទៀត ទើប​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ចនៅកន្លែងកើតហេតុ នាំគ្នា​រារាំង​រួចដកយកសោររថយន្តចេញមក ទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បច្ចុប្បន្នក្រោយពេលកើតហេតុកម្លាំងនគរបាលផ្នែកចរាចរណ៍ ខណ្ឌមានជ័យ បានចុះមកដល់ រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ អោយចុះមកកន្លែង​កើតហេតុ ដោយមើលឃើញ​ជនជាតិចិន​ដែលបើក​រថយន្ត​បង្កហេតុនេះ​ មានរបួស​ពេញមុខ សមត្ថកិច្ចក៏បានអនុញាតិ​អោយ​មិត្តភ័ក្ដិ​បញ្ជូនទៅមន្ទីរផងដែរ និងប្រាប់សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសំណងលើការខូតខាត​ទ្រព្យសម្បត្តិ​រដ្ឋ ទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post