header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិចិន៣នាក់ ស្រវឹងស្រា បើករថយន្ត LEXUS មួយគ្រឿង ក្នុងល្បឿនលឿន​ ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ចំណែករថយន្តបង្កផ្ទុះបែកកង់មុខខាងឆ្វេង បន្តដំណើរទៅមុខលែងរួច។

គ្រោះថ្នាក់ចរាចរណ៍នេះ បាន​កើតឡើងកាលពីវេលាម៉ោង២៖​០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន៣នាក់ សុទ្ធតែជាស្រវឹងស្រា​ បានបើករថយន្ត LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2P-8819 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវ​ បណ្តាលឲ្យបាក់ដួលមួយកង់ខ្ទាតចេញពីជួរប្រមាណជា២ម៉ែត្រ​ចំណែករថយន្តបង្កផ្ទុះបែកកង់មុខខាងឆ្វេងបន្តដំណើរទៅមុខលែងរួច​។

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយ​សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំរងចាំដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា​ កាលពីពេលថ្មីៗនេះ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខា​លើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២ជំពូក និង ៩២មាត្រា​ ។

នេះជាមាត្រា​៧៧ និងមាត្រា៨៣​ ដែលដកស្រង់យកមកផ្សាយជូនបងប្អូនខ្មែរយើងបានដឹងខ្លះៗ

មាត្រា៧៧ ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ ៨០០ ០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០ ០០០ រៀល (បួនលានរៀល)។

មាត្រា៨៣ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឲ្យមានរបួសដល់អ្នកដទៃហើយបណ្ដាលឲ្យអ្នករងគ្រោះ អសមត្ថភាពធ្វើការងារ ក្នុងរយៈពេលស្មើ ឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ គឺត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ២០០០,០០០រៀល (ពីរលានរៀល) ទៅ ១០,០០០,០០០រៀល (ដប់លានរៀល) ។

ផ្អែកតាម រដ្ឋធម្មនុញ្ញ បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ដលេខា ច្បាប់នេះ នឹងចូលជាធរមានហើយកាលពីដើមខែតុលាកន្លងទៅនេះ​ តែជាក់ស្ដែងដូចជាមិនទាន់ឃើញមានការអនុវត្តច្បាប់ចរាចរណ៍ថ្មី យ៉ាងណានៅឡើយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post