header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្ពុជា​-ថៃ​ នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ MOU Online នៅចុងឆ្នាំនេះ ដើម្បីសម្រួលភាពងាយស្រួលក្នុងការបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃ មានភាពរហ័ស និងកាត់បន្ថយការឆ្លងដែនខុសច្បាប់ ។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការការពារ និងគ្រប់គ្រងពលករកម្ពុជា ធ្វើការនៅព្រះរាជាណាចក្រថៃឡង់ដ៍ រវាងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា សមាគមជ្រើសរើសពលករកម្ពុជា និងសមាគមទំនាក់ទំនងកម្ពុជា-ថៃ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានមានប្រសាសន៍ថា​ ដើម្បីសម្រួលដល់ការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ តាមប្រព័ន្ធអនុស្សរណៈយោគយល់គ្នាឲ្យមានភាពរហ័ស និងជៀសវាងការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានគ្មានឯកសារ និងចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែន អគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងអគ្គ-នាយកដ្ឋានការងារនៃក្រសួងការងារថៃ កំពុងធ្វើការសាកល្បង (Testing) ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការបញ្ជូន និងទទួលពលករតាមប្រព័ន្ធអនឡាញ (MOU Online) ដែលរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំនេះ ។

លោក​បានបញ្ជាក់ថា​ ការដាក់ឲ្យដំណើរការប្រើប្រាស់ប្រព័ន្ធអនឡាញនេះ ដំណើរការបញ្ជូន និងទទួលពលករ ដែលបានកាត់បន្ថយពេលវេលាយ៉ាងច្រើន ជាពិសេសភាគីថៃនឹងកាត់បន្ថយរយះពេលពីប្រមាណ ៣ខែមកត្រឹម២សប្តាហ៍ ចាប់ពីការស្នើសុំការប្រើប្រាស់ពលករបរទេស (កូតា) ដល់ការបញ្ជូនពលករមកធ្វើការ ព្រមទាំងកាត់បន្ថយបែបបទឯកសារដោយប្រើប្រាស់តាមប្រព័ន្ធអេឡិច-ត្រូនិកជំនួសវិញ ។ 

ជាមួយគ្នានេះដែរ លោក​ បានជំរុញដល់សមាគមទាំងបី សហការគ្នាឲ្យបានស្អិតល្មួត ដោយធ្វើយ៉ាងណា ផ្តល់នូវការការពារសុវត្ថិភាព សុខមាលភាពសង្គមដល់ពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃឲ្យកាន់តែមានប្រសិទ្ធភាព ។

លោក​ស្នើសមាគមពិចារណាក្នុងការរៀបចំផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជានៅតាមតំបន់ក្នុងប្រទេសថៃ ដែលអាចឲ្យពលករកម្ពុជាស្នាក់នៅបណ្តោះអាសន្នក្នុង អំឡុងពេលប្តូរការងារ ឬរង់ចាំការដោះស្រាយវិវាទជាមួយនិយោជកផងដែរ ។ 

សូមបញ្ជាក់ថា​ សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា សមាគមជ្រើសរើសពលករកម្ពុជា និងសមាគមទំនាក់ទំនង កម្ពុជា-ថៃ បានផ្តល់ជូនសេវាកម្មធានារ៉ាប់រងដល់ពលករកម្ពុជា លើការធានាគ្រោះថ្នាក់ការងារ និងអាយុជីវិត ដែលស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាគឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post