header ads

Sponsor

OPPO

OPPO ជាប្រេនទូរស័ព្ទស្មាតហ្វូនដែលកំពុងទទួលបានការពេញនិយមនៅក្នុងសកលលោក។ ចាប់ផ្ដើមពីខែវិច្ឆិកានេះតទៅ អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងទទួលបាននូវបទពិសោធអំពីលក្ខណៈពិសេសដ៏ពេញនិយមរបស់ Snapdragon 710 ដែលបំពាក់នៅលើស្មាតហ្វូនម៉ូដែល R17 Pro របស់ OPPO។ វាជាលើកដំបូងសម្រាប់ OPPO ដែលធ្វើការដាក់សម្ភោធនូវម៉ូដែលត្រកូល R របស់ខ្លួននៅក្រៅតំបន់។

ទម្រង់ដំបូងនៃបច្ចេកវិទ្យា Qualcomm នៅក្នុងស៊េរី 700 ថ្មីនេះ ត្រូវបានរចនាឡើងក្នុងទំហំ 10nm និងដំណើរការដោយ CPU 8 គ្រាប់ (Octa-core)។ Snapdragon 710 បង្ហាញនូវភាពល្អឥតខ្ចោះទាក់ទិននឹងមុខងារ AI កាមេរ៉ា កម្រិតបង្ហាញ​ ការភ្ជាប់អ៊ិនធឺណែត និងថ្មទូរស័ព្ទ ដើម្បីជួយឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងទូរស័ព្ទស្មាតហ្វូន Android កម្រិតខ្ពស់មួយនេះ។

លក្ខណៈល្អពិសេសនៃ Snapdragon 710 គឺវានឹងបង្កើននូវបទពិសោធនៃការប្រប្រាស់ទូរស័ព្ទ និងជួយដោះស្រាយបញ្ហាយ៉ាងរលូន រួមបញ្ចូលទាំងកាមេរ៉ាកម្រិតខ្ពស់ ល្បឿននៃដំណើរការ AI លឿន និងថ្មកាន់បានយូរ។ ក្នុងលក្ខខណ្ឌនេះវាធ្វើឱ្យកាមេរ៉ាវិវត្តខ្លួនមួយកម្រិតទៀត ដែលអាចផ្តិតយករូបនិងវីដេអូមានគុណភាពកម្រិតអាជីព ដោយធ្វើការបានយ៉ាងល្អនៅកន្លែងដែលមានពន្លឺខ្សោយ វាអាចកាត់បន្ថយគ្រាប់ noise បានយ៉ាងល្អ និងធ្វើការ focus លើរូបភាពបានយ៉ាងឆាប់រហ័ស។
 

វាអាចរក្សាបាននូវស្ថិរភាពរូបភាព អាចធ្វើការពង្រីកឬបង្រួមរូបបានល្អ និងអាចឱ្យយើងប្រើប្រាស់នូវមុខងារ Real time Bokeh (ការថតព្រាលផ្ទៃខាងក្រោយ)បានយ៉ាងងាយស្រួលផងដែរ។ មុខងារ AI របស់ឈីប Qualcomm នេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចាប់យកនិងចែករំលែក រូបភាពនិងវីដេអូ បានយ៉ាងងាយស្រួល ។ ចំពោះអ៊ិនធ័រណែតវិញគឺវាមានល្បឿនលឿន កំរិតLTE ជាមួយនឹងល្បឿនក្នុងការ download រហូតដល់ 800 Mbps និងល្បឿនក្នុងការ upload រហូតដល់ 150 Mbps ជាមួយនឹងការរួមបញ្ចូលនូវ X15 LTE modem នៅក្នុង Snapdragon 710 ។ បន្ថែមពីលើនេះទៀត Snapdragon 710 ជួយកាត់បន្ថយការប្រើប្រាស់ថាមពល សម្រាប់ទាំងការលេងហ្គេម និងការបើកវីដេអូ 4K HDR រហូតដល់ទៅ 40% ក៏ដូចជាជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលរហូតដល់ 20% នៅពេលដែលចាក់វីដេអូ បើប្រៀបធៀបជាមួយ Snapdragon 660។ ជារួម នៅពេលដែលប្រៀបធៀបអំពីការរីកចម្រើននៃមុខងារនិងថាមពលរវាង Snapdragon 710 ជាមួយនឹង Snapdragon 660 យើងឃើញថា Snapdragon 710 បានបង្កើននូវល្បឿន CPU រហូតដល់ 20% , GPU រហូតដល់ 35% , ល្បឿន App រហូតដល់ 15% ​ហើយមុខងារ AI ជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលសរុបរហូតដល់ទៅ 30%។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ International Data Corporation (IDC), OPPO បច្ចុប្បន្នជាប់
ចំណាត់ថ្នាក់លេខ 2 នៅអាស៊ីអាគ្នេយ៍ ក្នុងការនាំចេញទូរស័ព្ទស្មាតហ្វូនប្រចាំឆ្នាំ។ រួមជាមួយនឹង Snapdragon 710 ដ៏មានអនុភាពនេះ R17 Pro ត្រូវបានគេរំពឹងថានឹងបន្ថែមភាពជោគជ័យទៅលើប្រជាប្រិយភាពរបស់ OPPO នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

បើតាមលោក Kedar Kondap អនុប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ Qualcomm Technologies បាននិយាយថា៖ “បច្ចេកវិទ្យា Qualcomm ជាមួយនឹង OPPO បានមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ ហើយយើងទាំងពីរប្ដេជ្ញាថានឹងវិនិយោគ និងអភិវឌ្ឍផលិតផលថ្មីៗជាមួយនឹងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។ អាស៊ីអាគ្នេយ៍ គឺជាទីផ្សារធំមួយក្នុងចំណោមទីផ្សារដែលមានថាមភាពបំផុតនៅលើពិភពលោក ហើយយើងរំភើបរីករាយក្នុងការចូលរួមជាមួយ OPPO នាឱកាសនេះ។ យើងឃើញថា Snapdragon 710 ជាអ្នកផ្លាស់ប្តូរ R17 Pro ឱ្យកាន់តែមានគុណភាពជារួមជាមួយនឹងបច្ចេកវិទ្យានិងមុខងារពិសេស ដែលពីមុន អ្នកអាចរកបានតែនៅក្នុងទម្រង់ទូរស័ព្ទដៃស៊េរីខ្ពស់របស់យើង ដោយអាចជួយឱ្យមនុស្សរីករាយជាមួយនឹងបច្ចេកវិទ្យាខ្ពស់នៃស្មាតហ្វូន Android”។

លោក Jimmy Yi ប្រធានក្រុមហ៊ុន OPPO សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និយាយថា៖ “ការនាំយកស៊េរី R ទៅគ្រប់ទីផ្សារដែលមានស្រាប់នៅអាស៊ីអាគ្នេយ៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ OPPO ។ អាស៊ីអាគ្នេយ៍គឺជាទីផ្សារមួយដ៏រឹងមាំបំផុតរបស់យើង ហើយយើងមានទំនុកចិត្តថា R17 Pro នឹងក្លាយជាស្នាដៃបន្ទាប់ដែលនឹងបង្ហាញជាថ្មីម្ដងទៀតពីការច្នៃប្រឌិតថ្មី និងភាពជាអ្នកដឹកនាំរបស់ OPPO នៅក្នុងឧស្សាហកម្មទូរស័ព្ទចល័ត។ យើងនឹងបន្តផ្តល់ជូននូវភាពច្នៃប្រឌិតផ្នែកឧស្សាហកម្មដែលឈានមុខគេ និងបទពិសោធថតរូបដ៏ល្អឥតខ្ចោះរបស់យើង។”

រហូតមកដល់សព្វថ្ងៃ OPPO មានការកើនឡើងនូវអ្នកប្រើប្រាស់ជាង 100 លាននាក់រួចទៅហើយ ដោយរីករាយជាមួយនឹងបទពិសោធពីស៊េរី R ចាប់តាំងពីការដាក់បង្ហាញនៅឆ្នាំ 2013 ។ យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint, R9 គឺជាម៉ូដែល Android ដែលលក់ដាច់ជាងគេក្នុងឆ្នាំ 2016 នៅក្នុងប្រទេសចិន ហើយ Strategy Analytics បានប្រកាសថា R9 បាននាំចេញចំនួន 8.9 លានគ្រឿង សម្រាប់ 3% នៃការចែកចាយទៅកាន់ទីផ្សារទូទាំងពិភពលោកក្នុងត្រីមាសទី 1 នៃឆ្នាំ2017។ លើសពីនេះទៀត Counterpoint ក៏បានរាយការណ៍ផងដែរថា R11 បានក្លាយជាទូរស័ព្ទ Android លំដាប់ថ្នាក់លេខ 1 នៅលើពិភពលោកក្នុងឆ្នាំ 2017 ត្រឹមតែរយៈពេលតិចជាងមួយខែប៉ុណ្ណោះ។ ដំណើរឆ្ពោះទៅមុខនេះ OPPO នឹងបន្តជំរុញដល់យុវវ័យនៅជុំវិញពិភពលោក ហើយស៊េរី R នឹងក្លាយជាផ្នែកមួយដ៏ធំនៅក្នុងភាពជោគជ័យដែលកំពុងមាននេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post