
ភ្នំពេញៈ បុរសម្នាក់ ផឹកស្រវឹងស្រា បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បានជ្រុលចង្កូតទៅបុកទម្លុះផ្ទះប្រជាពលរដ្ឋ បណ្តាលបាក់ទ្វារផ្ទះមួយចំហៀង និងខូចខាតរថយន្តមួយគ្រឿង ចំណែកអ្នកបើករថយន្តបង្ក រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀត រងរបួសស្រាល។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៖៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅតាមផ្លូវបេតុង (ផ្លូវវាយកូនហ្គោល) នៅជាប់ភោជនីយដ្ឋានម្លប់ស្បូវ 2Q ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ បើករថយន្តមួយគ្រឿង ម៉ាក TRITON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2K-6078 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកទម្លុះផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលបាក់ទ្វារផ្ទះអស់មួយចំហៀង និងបណ្តាលឲ្យរបងផ្ទះខ្ទាតទៅប៉ះរថយន្តបាឡែន មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2M-4602 ម្ចាស់ចតនៅខាងក្នុងផ្ទះ ខូចខាតផ្នែកខាងក្រោយតិចតួច។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបរ រងរបួសធ្ងន់ ត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមនិងសាច់ញាតិខាងរថយន្តបង្ក បានចុះមកដល់កន្លែងកើត ដើម្បីធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តបង្កសងសំណងទៅលើទ្វារផ្ទះ និងរថយន្ត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕
