header ads

Sponsor

រិទ្ធី

ប្រជាពលរដ្ឋខ្មែរដែលកំពុងបម្រើការនៅក្នុងអង្គការសហប្រជាជាតិ ចំនួនបួននាក់បានរងរបួសធ្ងន់ ស្រាលក្រោយមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយដែលបង្ករឡើងដោយក្រុមភេរវករនៅប្រទេសម៉ាលី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ដែលបានចេញនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។

ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនេះបានកើតឡើងនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោងនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បង្កឡើងដោយក្រុមភេរវកបើករថយន្តមួយគ្រឿង ចូលទីតាំងប្រតិបត្តិការមួយរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី បានបណ្តាលឱ្យភេរវករម្នាក់ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកស្លាប់នៅនឹងកន្លែង និងបាត់បង់ជីវិតជនជាតិម៉ាលី២នាក់ ព្រមទាំងមានអ្នករបួស១៤នាក់ ដែលក្នុងនោះក៏មានពលរដ្ឋខ្មែរដែលបម្រើការឱ្យអង្គការសហប្រជាជាតិចំនួន៤នាក់ផងដែរ ដោយមានម្នាក់របួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល។

ពលរដ្ឋខ្មែរទាំង៤រូបដែលរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ រួមមាន៖ ១- លោក ភិន សារ៉ាន់ ជាអតីតបុគ្គលិកបម្រើការ CMAC ដែលចាប់ផ្តើមចូលបម្រើការជាអ្នកបកប្រែភាសាជាមួយ UNMAS ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ រងរបួសធ្ងន់ បាក់ឆ្អឹងជំនី និងរបួសក្បាល។ ទី២- លោក ហ៊ុល សុខហេង ជាអតីតបុគ្គលិកបម្រើការ CMAC រងរួបស្រាល ទី៣- លោក រៀម ឌី ជាអតីតនាយកប្រតិបត្តិការកម្ទេចគ្រាប់មិនទាន់ផ្ទុះក្នុងអង្គការ CMAC រងរបួសស្រាល និងទី៤- លោក សំ រដ្ឋា ជាអតីតបុគ្គលិកអង្គការ Hello TRUST រងរបួសស្រាល។

អ្នកនាំពាក្យនៃក្រសួងការពារជាតិ ឯកឧត្តម ឈុំ សុជាតិ បានឱ្យដឹងថា រហូតដល់ពេលនេះ ជនរងគ្រោះដែលរបួសធ្ងន់នេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្រិត២ របស់ចិននៅក្នុងប្រទេសម៉ាលី ចំណែកឯអ្នករបួសស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។

សូមបញ្ជាក់ថា សម្រាប់កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) ដែលបំពេញបេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយហេតុការណ៍ខាងលើទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post