ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ធ្វើសម្មភាពឆក់ទូរស័ព្ទ រួចជិះគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋ និងបងប្អូនកម្មករអូសរទេះបន្លែ នាំគ្នារត់ចូលមកជួយព័ទ្ធចាប់បាន បន្ទាប់ពីឃើញជនរងគ្រោះជិះម៉ូតូបំបុកឲ្យដួល ហើយស្រែកចោរៗ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្សារអូរឬស្សី តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាតវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡៃ សុផានី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ជាអ្នកជិះពីក្រោយនិងធ្វើសកម្មភាពឆក់) និងបក្ខពួកម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។ ពួកគេប្រើប្រាស់មធ្យោបាយ ម៉ូតូហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1GH-6788។ ចំណែកជនរងគ្រោះសូមមិនបង្ហាញអត្តសញ្ញាណ បានរបួសរលាត់ដៃ រលាត់ចង្កេះ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ក្រោយខារ៉ាអូខេ ញូវស្តារ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកគុបជ្រុង កម្លាំងម៉ាស៊ីន៩០Cc ពណ៌ទឹកប៉ិច។
តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងអំពីដំណើររឿងហេតុថា មុនកើតហេតុ គាត់ជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះ បំណងទៅយកប្រពន្ធនៅម្តុំគិរីរម្យ ដើម្បីយកប្រពន្ធត្រឡប់មកផ្ទះវិញ ដោយជិះបណ្តើរនិងដៃខាងឆ្វេងកាន់ទូរស័ព្ទនិយាយបណ្តើរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស មួយគ្រឿង មកពីក្រោយអែបម៉ូតូរបស់គាត់ រួចបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដែលគាត់កំពុងនិយាយ ម៉ាក IPhone 6+ បានសម្រេច រួចនាំគ្នាជិះម៉ូតូគេចខ្លួន។
ជនរងគ្រោះបានបន្តទៀតថា ភ្លាមនោះរូបគាត់បានជិះម៉ូតូដេញពីក្រោយហើយបានស្រែកថាចោរៗ តាមផ្លូវរហូតមកដល់ចំណុចផ្លូវព្រះមុនីរ៉េត ប្លុកផ្សារដើមគ ខណៈដែលផ្លូវកំពុងចង្អៀតផង ម៉ូតូជនសង្ស័យបានវ៉ាក់អឺជាមួយរថយន្តមួយគ្រឿងនៅខាងមុខ ទើបរូបគាត់ជិះមកដល់ល្មម ទើបគាត់សម្រេចចិត្ត ជិះបំបុកឲ្យដួលទាំងអស់គ្នាតែម្តង ហើយស្រែកចោរៗ ឆោរឡោឡើង ហើយបក្ខពួកម្នាក់ដែលជាអ្នកបើកម៉ូតូ បានស្ទុះងើបរត់យ៉ាងលឿនបាត់ស្រមោល ដោយបានយកទូរស័ព្ទជនរងគ្រោះទៅបាត់ដែរ ទើបធ្វើឲ្យប្រជាពលរដ្ឋនិងបងប្អូនកម្មករអូសរទេះបន្លែ ដែលឃើញហេតុការណ៍ បាននាំគ្នារត់ចូលមកជួយព័ទ្ធចាប់បានម្នាក់ តែមិនអាចហាមឃាត់ពួកគាត់បានទេ គ្រាន់តែសួរថាមានរឿងអី គាត់ក៏ឆ្លើយថាជាចោរឆក់ទូរស័ព្ទ ស្រាប់តែពួកគាត់ទទួលស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន និងបានដកម៉ូតូបានមួយគ្រឿង រួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដើមគ ចុះមកវាយខ្នោះដឹកយកទៅសួរនាំនៅប៉ុស្តិ៍ ដើម្បីបញ្ចៀសអំពើហិង្សាដោយកំហឹងពីសំណាក់ប្រជាពលរដ្ឋផងដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹង ដោយសារតែករណីនេះបានកើតឡើងនៅក្នុងភូមិសាស្ត្រសង្កាត់វាលវង់ ទើបកម្លាំងប៉ុស្តិ៍នគរបាលផ្សារដើមគ បានប្រគល់ជនសង្ស័យ ទៅអោយប៉ុស្តិ៍នគរបាលវាលវង់វិញ ដើម្បីយកទៅធ្វើការសាកសួរបន្ត និងកសាងសុំណំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចាត់ការតាមច្បាប់៕