header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីជនសង្ស័យម្នាក់ក្លែងបន្លំ និងប្រើប្រាស់ឯកសណ្ឋានជានគរបាលជាតិ ហើយលួចរបស់របរភ្ញៀវ ដែលនគរបាលចាប់ខ្លួនបាន កាលពីម្សិលមិញ មិនមែនជាករណីប៉ុនប៉ងចូលលួចឬប្លន់ធនាគារ ABA Bank នៅក្រុងព្រះសីហនុទេ។

លោក ជួន ណារិន បន្តថា នេះគឺជាករណីលួចរបស់របរមានតម្លៃរបស់ភ្ញៀវក្នុងបន្ទប់ផ្ទះសំណាក់ចំប៉ី​ផ្សារលើ ដែលនៅក្បែរគ្នានោះប៉ុណ្ណោះ ហើយពេលបែកការជនសង្ស័យ ក៏រត់គេចឡើងទៅលើដំបូលធនាគារក្នុងបំណងគេចខ្លួនតែប៉ុណ្ណោះ។ ហេតុការណ៍នេះ គឺកើតឡើង​នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១៖ ៣០នាទី ម្ចាស់ផ្ទះសំណាក់ចំប៉ីផ្សារលើ ស្ថិតនៅភូមិ១សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរាយការណ៍ថា មានជនសង្ស័យម្នាក់ភេទប្រុសមិនស្គាល់អត្តសញ្ញាណពាក់ឯកសណ្ឋាននគរបាលបានធ្វើសកម្មភាពចូលលួចសម្ភារៈមានតម្លៃរបស់ភ្ញៀវគាត់នៅក្នុងបន្ទប់។ ពេលគាត់មកទាន់ជនសង្ស័យបានរត់ផ្លោះចូលទៅក្នុងធនាគារ ABA ។

បន្ទាប់ពីបានទទួលដំណឹងនេះ ភ្លាមកងកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ និងកម្លាំងដែលពាក់ព័ន្ធផ្សេងទៀត ធ្វើការឡោមព័ទ្ធជុំវិញបរិវេណកន្លែងកើតហេតុរួចធ្វើការរុករកជនសង្ស័យរហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ ដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងធុងទឹកជាន់ខាងលើនៃផ្ទះសំណាក់ចំប៉ីផ្សារលើតែម្ដង។

បើតាមលោក ជួន ណារិន ជនសង្ស័យឈ្មោះ សេង វិឆៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកបានរួមមាន ៖ ម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ទឹកមាស គ្មានស្លាកលេខ, វិទ្យុទាក់ទង១គ្រឿង, ឆ្នាំងសាកវិទ្យុទាក់ទង១គ្រឿង, ឯកសណ្ឋាននគរបាល២ឈុត, អាវរងារពណ៌ខ្មៅដៃវែងមានអក្សរ POLICE ចំនួន១, ស្បែកជើងកវែង១គូ,ប័ណ្ណសម្គាល់យានយន្ត១សន្លឹក, សោរថយន្ត១, សោម៉ូតូ១, ម៉ាឡែត១,ទល់រវីស២, ដង្កាប់១,សោអូតូ១, ដបទឹកសម្រាប់ប្រើប្រាស់គ្រឿងញៀន១, សំបុត្រកំណើត១។

ករណីនេះនៅពេលដែលកម្លាំងសមត្ថកិច្ច កំពុងឡោមព័ទ្ធជុំវិញបរិវេណកន្លែងកើតហេតុជនសង្ស័យបានរត់ផ្លោះចូលទៅក្នុងធនាគារ ABA ហើយឡើងទៅជាន់ខាងលើ រួចបើកដំបូលធនាគារ ABA ផ្លោះមកជាន់លើនៃផ្ទះសំណាក់ ចំប៉ីផ្សារលើ វិញ បន្ទាប់មកគេបានចូលទៅសម្ងំលាក់ខ្លួននៅក្នុងធុងទឹក ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post