
ភ្នំពេញៈ នារីរូបស្រស់សាច់សត្រលុកត្រលុនម្នាក់ បានបោកក្បាលនិងថ្នល់រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ បានប្រហែលកន្លះម៉ោង បន្ទាប់ពីនារីរងគ្រោះជិះម៉ូតូ Nex មួយគ្រឿង ចេញពីក្លឹបបុកខឿនចិញ្ចើមផ្លូវ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចទល់មុខរោងចក្រផលិតផ្លាស្ទិក ជិតមជ្ឈមណ្ឌលម៉ូឌែន២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលផ្នែកចរាចរណ៍ខណ្ឌមានជ័យ បានឲ្យដឹងថា នារីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ប្រភពព័ត៌មានពីបងប្រុសម្នាក់ ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យភ្នាក់ងារសារព័ត៌មានខេមប៉ុស្តិ៍ថា មុនពេលកើតហេតុ គាត់ឃើញនារីរងគ្រោះ ទើបចេញពីក្លឹបមួយនៅចាក់អង្រែ ហើយបានជិះមួយគ្រឿង ម៉ាក Suzuki Nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខកណ្ដាល 1T-9561 តែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង (ដោយមិនដឹងថាទៅផ្ទះ ឬក៏ទៅណានោះទេ) លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជិះទៅបុកខឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាល រងរបួសធ្ងន់ ហើយត្រូវប្រជាពលរដ្ឋដែលជាអ្នកឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងជួយទាក់ទងរថយន្តគ្លីនិកឯកជន មហានគរ មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ហើយអ្នកនៅកន្លែងកើតហេតុ បានប្រាប់ទៀតថា នៅលើខ្លួននារីរងគ្រោះឃើញមានកាបូបស្ពាយមួយ ដោយក្នុងនោះមានសម្ភារៈសម្រាប់ផាត់មុខ និងលុយ៥ម៉ឺនរៀល រួមទាំងចិញ្ជៀនដែលពាក់ជាប់ដៃរបស់នាងផងដែរ។
បើតាមអ្នកបើកបររថយន្តសង្គ្រោះគ្លីនិក មហានគរ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទៅដល់មន្ទីរពេទ្យកាល់ម៉ែត ដាក់អុកស៊ីហ្សែនបានជាងកន្លះម៉ោង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់ផងដែរ តែអកុសលជនរងគ្រោះបានស្លាប់ហើយ ទើបក្រុមគ្រូពេទ្យបានប្រាប់មកវិញថា មិនអាចជួយសង្គ្រោះបានទេ ព្រោះស្ថានភាពរបួសបោកក្បាលចំផ្នែកខាងក្រោយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ខណ្ឌមានជ័យ ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ចំណែកសពនារីរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសមត្ថកិច្ចជំនាញធ្វើកោលសវិច័យ និងប្រកាសរកសាច់ញាតិក្រុមគ្រួសារ អោយមកយកទៅធ្វើបុណ្យតាមប្រពៃណី៕






