header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សម រង្ស៊ី ត្រូវបានគេដឹងថា មិនមែនជាសមាជិករបស់អតីតគណបក្សសង្រ្គោះជាតិទៀតទេ ក្រោយពីបានដាក់លិខិតលាឈប់ក្រោយជាប់ក្តីក្តាំងជាច្រើនករណី ដោយសារច្បាប់ ស្តីពីគណបក្សនយោបាយ មិនតម្រូវឲ្យមេបក្សជាប់ពាក់ព័ន្ធបទល្មើសនានា។ ប៉ុន្តែជារឿងគួរឲ្យមានចម្ងល់ ដែលលោក សម រង្ស៊ី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បានផ្ញើសារផ្ដាំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ថា មិនចាំបាច់គិតគូរផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ដល់មន្ដ្រីអតីតបក្សសង្គ្រោះជាតិ ទាំង១១៨នាក់នោះទេ ដរាបណាលោក កឹម សុខា មិនទាន់បានទទួលសេរីភាពពេញលេញ។ ដូច្នេះ អ្នកទាំង១១៨រូប មិនត្រូវការឲ្យមានការផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញនោះទេ។

ទោះបីជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចថា ក្នុងចំណោម១១៨រូបនេះ គ្មានឈ្មោះ សម រង្ស៊ី នោះទេ ដូច្នេះ លោក សម រង្ស៊ី ត្រូវរស់នៅក្នុងសភាពឯកកោជាបន្តទៀត។

កាលពីថ្ងៃទី៣ ខែធ្នូ រដ្ឋសភា បានប្រកាសជាសាធារណៈ ពីការធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់សម្បទាដល់អ្នកនយោបាយ១១៨រូប របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីតំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូប បានផ្តួចផ្តើមធ្វើសេចក្តីច្បាប់ ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ ស្តីពីគណបក្សនយោបាយ។

យោងតាមទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងនាមមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង១១៨រូប ដែលតុលាការកំពូល បានដកហូតសិទ្ធិធ្វើសកម្មភាពនយោបាយ តាំងពីថ្ងៃ១៦ វិច្ឆិកា ២០១៧មក ខ្ញុំសូមប្រាប់ទៅលោក ហ៊ុន សែន ថា មិនចាំបាច់គិតគូរពីពួកយើងទេ ពីព្រោះពួកយើងមិនត្រូវការឲ្យគេផ្តល់សិទ្ធិ ធ្វើសកម្មភាពនយោបាយឲ្យពួកយើងវិញទេ ដរាបណាលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ មិនទាន់បានទទួលសេរីភាពពេញលេញនៅឡើយទេ ហើយដរាបណា អាជ្ញាធរ ទីក្រុងភ្នំពេញ មិនទាន់បានទម្លាក់ចោលនូវរាល់ការចោទប្រកាន់មកលើលោកប្រធាន កឹម សុខា

លោក សម រង្ស៊ី ថា លោកស្គាល់ច្បាស់ពីមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ១១៨នាក់ ពីព្រោះអ្នកទាំងនោះ បានទទួលតំណែងរបស់ខ្លួននៅពេលដែល សម រង្ស៊ី កាន់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិ។

ក្នុងករណីនេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានថ្លែងឲ្យដឹងដែរថា ការធ្វើវិសោធនកម្ម បើកផ្លូវឲ្យអ្នកទាំង១១៨រូប អាចធ្វើនយោបាយឡើងវិញបាន ដោយសារក្នុងចំណោមបម្រាមនយោបាយទាំង១១៨រូប មានមួយចំនួនធំ បានគោរពតាមសាលក្រមតុលាការកំពូល។

ចំពោះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា លោក សម រង្ស៊ី ត្រូវនៅឯកកោម្នាក់ឯង ក្នុងចំណោមមន្ត្រីបក្សសង្គ្រោះជាតិ១១៨នាក់ ដែលជាប់បម្រាមតុលាការកំពូល។

លោកបន្តថា ក្នុងចំណោមមន្រ្តីអតីតបក្សប្រឆាំងទាំង១១៨រូប ដែលសាលដីកាតុលាការកំពូល ហាមធ្វើនយោបាយរយៈពេល៥ឆ្នាំ ក៏គ្មានឈ្មោះលោក សម រង្ស៊ី ដែរ។ លោក សម រង្ស៊ី លែងមានតួនាទីអ្វីសំខាន់ ក្នុងអតីតបក្សប្រឆាំងទៀតហើយ ដោយសារបានលាលែងអស់ហើយ។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ គូសបញ្ជាក់យ៉ាងដូច្នេះថា "ទោះបីទណ្ឌិត សម រង្ស៊ី នៅតែចង់ផ្សារភ្ជាប់ខ្លួនជាមួយ កឹម សុខា តាមពាក្យស្លោកថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ យ៉ាងណាក្តី ក៏មិនអាចជួយបានដែរ ពីព្រោះមនុស្សពីរនាក់ ដាច់ដោយឡែកពីគ្នា"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post