
ភ្នំពេញៈ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចខណ្ឌចំការមន ព្រមទាំងសមត្ថកិច្ចក្រុង និងខណ្ឌប្ញស្សីកែវ បានចុះបង្ក្រា និងឃាត់ខ្លួនជនជាតិចិនចំនួន១៥នាក់ ដែលជាប់សង្ស័យក្នុងករណីជំរិតទារប្រាក់ជនជាតិចិនដូចគ្នា។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្សារ ឯកជន យីហោ ហ័រលាន ផ្លូវកាំកូស៊ីធី ក្រុមទី១ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ជាមួយកម្លាំងជំនាញនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលមូលដ្ឋាន។
ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងរុករកឃើញវត្ថុតាងមួយចំនួនធំ ជាមួយនឹង ជនសង្ស័យចំនួន១៤នាក់ ដែលស្នាក់នៅទីនោះ។
ប្រភពបានបញ្ជាក់ថា នៅពេលដែលប្រតិបត្តិការ របស់សមត្ថកិច្ចជិតបានបញ្ចប់ទៅហើយ ក៏មានជនម្នាក់ ជិះរថយន្ត៥៧០ មកដល់ក្បែរកន្លែងកើតហេតុ សង្ស័យជាជនជាតិចិន ដែលជាប់ ពាក់ព័ន្ធ ក្នុងករណីនេះដែរនោះ ក៏សមត្ថកិច្ចធ្វើការឃាត់ខ្លួន ជាមួយនឹងរថយន្តតែម្តង។
សមត្ថកិច្ច បានបញ្ជាក់ថា ក្រុមជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបញ្ជូនទៅកាន់ នាយកដ្ឋានជំនាញ របស់ក្រសួងមហាផ្ទៃ ដើម្បីសាកសួរបន្ថែម និងចាត់ការតាមនីតិវិធីច្បាប់ រីឯផ្សារឯកជនយីហោ ហ័រលាន ត្រូវបានបិទបណ្តោះអាសន្ន៕









