
(ខ្សឹប) ជារឿយៗនាយ "ក្តាមប្រៃ" តែងតែឮឈ្មោះ និងឃើញរូបថតសកម្មភាពផ្សេងៗ របស់លោកឧកញ៉ាម្នាក់ មានឈ្មោះល្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកស្អីគេនោះ បង្ហាញពីអំនួតនៃទ្រព្យធនដ៏សម្បូរបែប ភ្ជាប់ជាមួយនូវពាក្យពេជ្រលើផេករបស់ខ្លួន ព្រមទាំងសកម្មភាពនៃការធ្វើទានជាដើម ដែលទង្វើនេះ នាយយើងនឹកស្មានថា លោកឧកញ៉ារូបនេះ ធ្វើជុំនួញរកស៊ីមានលុយកាក់ត្រឹមត្រូវហើយមើលទៅ តែពេលនាយ "ក្តាមប្រៃ" បានដឹងពីការមានលុយកាក់ហូរហ៊ារ ក្លាយជាសេដ្ឋីវ័យក្មេងនេះ ត្រូវបានប្រភពពីក្រុមមន្ត្រីគយមួយចំនួន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង នោះបានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឲ្យដឹងថា ឧកញ៉ា ទៀ វិចិត្រ ដែលមានខ្នងបង្អែករឹងមាំ កំពុងសម្រុកនាំចូលប្រេងសាំងគេចពន្ធមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ កាន់តែច្រើនឡើងៗ ដោយគ្មានអ្នកណាហ៊ានបង្ក្រាបនោះឡើយ។
ប្រភពខាងលើ បានខ្សឹបឲ្យនាយ "ក្តាមប្រៃ" បានដឹងទៀតថា លោកឧកញ៉ា ទៀ វិចិត្រ គឺជាកូនប្រុសរបស់លោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាក្មួយប្រុសបង្កើតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ដូច្នេះហើយ ទើបគ្មានសមត្ថកិច្ចនៃស្ថាប័នណាមួយហ៊ានប៉ះពាល់ដល់ជំនួញប្រេងគេចពន្ធលើផ្ទៃសមុទ្ររបស់លោកឧកញ៉ា ទៀ វិចិត្រ ឡើយ។ ផ្ទុយទៅវិញ មានតែមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន សុខចិត្តទទួលយកផលប្រយោជន៍យ៉ាងត្រជាក់មេជើងពីលោកឧកញ៉ាវ័យក្មេងរូបនេះ ព្រោះតែមិនហ៊ានបង្ក្រាបលើទំនិញខុសច្បាប់ ដែលមានឈ្មោះរបស់លោកឧកញ៉ា ទៀ វិចិត្រ។
បើតាមមន្ត្រីគយក្នុងខេត្តព្រះសីហនុ មួយចំនួន បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឲ្យដឹងថា បច្ចុប្បន្ននេះ ឧកញ៉ា ទៀ វិចិត្រ នាំចូលប្រេងសាំងគេចពន្ធតាមច្រកកំពង់ផែ៣កន្លែង នៅខេត្តព្រះសីហនុ គឺច្រកផែទំនប់រលក និងច្រកកំពង់ផែផ្សេងៗទៀត។ ហើយរាល់ប្រេងសាំងទាំងនោះ មន្ត្រីសមត្ថកិច្ចគ្រប់ស្ថាប័នសុទ្ធតែបានដឹងថា ជាទំនិញគេចពន្ធរបស់លោកឧកញ៉ារូបនេះដែរ តែមិនបង្ក្រាបទេ ព្រោះមិនហ៊ានប៉ះពាល់ ហើយការបង្ក្រាបក៏គ្មានប្រសិទ្ធិភាពដែរ។ អ៊ីចឹងហើយ មានតែជួយការពារបន្ថែម ហើយពួកគេទទួលយកផលប្រយ៉ោជន៍ចូលហោប៉ៅជាការស្រេច(sic)។ ហើយសកម្មភាពបែបនេះ ទើបធ្វើឲ្យលោកឧកញ៉ា ទៀ វិចិត្រ មិនញញើតក្នុងការនាំចូលប្រេងសាំងគេចពន្ធតាមអំពើចិត្ត។ សូម្បីតែមន្ត្រីគយលើផ្ទៃសមុទ្រ និងសមត្ថកិច្ចពាក់ព័ន្ធលើផ្ទៃសមុទ្រ ក៏ត្រូវមានការយោគយល់ដល់ការនាំចូលប្រេងគេចពន្ធរបស់ឧកញ៉ារូបនេះផងដែរ។
ដោយឡែក ប្រភពដែលស្និទ្ធនឹងឧកញ៉ា ទៀ វិចិត្រ ក៏បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឲ្យដឹងផងដែរថា ឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្មួយប្រុសឈ្មោះ ឌី កំពុងសម្រុកនាំប្រេងសាំងគេចពន្ធ និងទំនិញគេចពន្ធជាច្រើនប្រភេទ ចូលតាមច្រកទំនប់រលក និងច្រកផ្សេងៗទៀតយ៉ាងរលូន ដែលធ្វើឲ្យបាត់បង់ពន្ធអាករចូលរដ្ឋ ក្នុងមួយខែៗរាប់សិបលានដុល្លារឯណោះ។ ជាមួយគ្នានេះ សមត្ថកិច្ចគ្រប់ស្ថាប័នក្នុងខេត្តព្រះសីហនុ គ្រាន់តែឮថា ទំនិញរបស់ឧកញ៉ា ទៀ វិចិត្រ គឺពួកគេមិនហ៊ានក្អកជាមួយឡើយ ព្រោះឧកញ៉ាម្នាក់នេះ មានឪពុកឈ្មោះ ទៀ វិញ ជាមេបញ្ជាការកងទ័ពជើងទឹក ហើយមានបងប្រុសឈ្មោះ ទៀ សុខា ជាមេបញ្ជាការរងកងទ័ពជើងទឹកផងដែរ។ លើសនេះទៅទៀត ឧកញ៉ា ទៀ វិចិត្រ ដែលមានខ្នងបង្អែករឹងមាំបែបនេះ ធ្វើឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងខេត្តព្រះសីហនុ ញាក់សាច់ ញាក់ឆ្អឹងខ្នង គ្រប់ៗគ្នា។
បើតាមមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុវិញ ដែលសុំមិនបញ្ចេញឈ្មោះ បានខ្សឹបឲ្យនាយ "ក្តាមប្រៃ" ដឹងដែរថា ជារៀងរាល់ថ្ងៃយប់ លោកឧកញ៉ា ទៀ វិចិត្រ និងឈ្មោះ ឌី បានបញ្ជាឲ្យមនុស្សរបស់ខ្លួនដឹកជញ្ជូនប្រេងសាំងចេញពីឃ្លាំង ដែលមានជញ្ជាំងផ្ទាល់ខ្លួន និងស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួនមួយកន្លែង នៅជិតផ្លូវចូលទៅកោះព្រាប ចំណុចទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ទៅចែកចាយតាមស្ថានីយ៍ផ្សេងៗទូទាំងខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀត រហូតដល់រាជធានីភ្នំពេញផងដែរ។
ប្រភពដដែលនេះ បានខ្សឹបឲ្យដឹងបន្ថែមទៀតថា ឃ្លាំងស្តុកប្រេងសាំងរបស់ឧកញ៉ា ទៀ វិចិត្រ គឺមានចម្ងាយប្រមាណ១០០ម៉ែត្រប៉ុណ្ណោះ ពីស្នាក់ការគយទំនប់រលក ប៉ុន្តែគ្មានសមត្ថកិច្ចគយ ឬសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានប៉ះពាល់រាល់ទំនិញលោកឧកញ៉ា ទៀ វិចិត្រ នោះទេ ព្រោះគេបានដឹងច្បាស់ពីឥទ្ធិពលខ្លាំងក្លារបស់ឈ្មួញរូបនេះរួចទៅហើយ។
ពាក់ព័ន្ធរាល់ប្រភពរបស់មន្ត្រី ក៏ដូចមនុស្សស្និតនឹងលោកឧកញ៉ារូបនេះ ដែលបានខ្សឹបមកប្រាប់នាយ "ក្ដាមប្រៃ" ឲ្យបានដឹងនេះ នាយយើងមិនបញ្ចេញមតិ ឬទស្សនៈ ឬយោបល់ផ្ទាល់ខ្លួននោះទេ។ ដោយទុកនាទីនេះ ជូនថ្នាក់ដឹកនាំ ក៏ដូចមហាជន ជាអ្នកវិនិច្ឆ័យទៅចុះ ដោយនាយ ក្តាមប្រៃ បានត្រឹមតែខ្សឹបប្រាប់ជាដំណឹងខ្លះៗប៉ុណ្ណោះ៕



