ភ្នំពេញៈ មន្ត្រីយោធាសក្ដិ៤កន្លះមួយរូប សង្ស័យស្រវឹង បើករថយន្តបុកបង្គោលភ្លើងនឹងបង្គោល ស្លាកសញ្ញាបណ្ដាល ឲ្យរថយន្តក្រឡាប់ ចំណែកឯអ្នកបើកបរ រងរបួសធ្ងន់ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងជាង១២យប់រំលង អាធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Lexus LX450 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2D-1359 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្កខាងលើរេចង្កូតទៅឆ្វេងឡើងឃឿនជ្រុលទៅបុកបង្គោលភ្លើងនឹងបង្គោលស្លាកសញ្ញាបណ្ដាលឲ្យបាក់រាបដល់ដី រីឯរថយន្តបង្កវិញបានក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះដែរអ្នកដែលបានឃើញហេតុការណ៍បាននាំគ្នាមួយជួយវាយកញ្ចក់រថយន្តដើម្បីយកអ្នកបើកបរទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕