
ភ្នំពេញៈ បុរសម្នាក់ សង្ស័យស្រវឹងស្រា បើកបររថយន្ត Prius មួយគ្រឿង រួមដំណើរជាមួយនារីម្នាក់ ជាសង្សារ ដោយបោះពួយយ៉ាងលឿនដូចហោះ រួចក៏ជ្រុលទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាង តែសំណាងល្អមិនមានអ្នករបួសនោះទេ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោងជិត៣ទៀបភ្លឺ ឈានចូល ថ្ងៃសៅរិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្សារហេងលី តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់និងនារីម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ 2AK-6952 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅបើកមកពីស្ពានអាកាស៧មករាឆ្ពោះទៅស្តុបណូគា និងក្នុងល្បឿនយ៉ាងលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏ស្រាប់រេចង្កូតទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យក្បាលព្រួញរងការខូចខាតបន្តិចបន្តួច។ ចំណែកឯរថយន្តរងការខូចខាតកំពិតកាងនិងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។
ក្រោយមកអ្នកបើកបររថយន្តបង្កបានកាច់យកស្លាកលេខរថយន្តនិងនាំនារីជាងសង្សារឡើងជិះម៉ូតូកង់បីជិះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតសមត្ថកិច្ចក៏បានចុះមកធ្វើការស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕


