
បាត់ដំបងៈ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៤៖១០នាទី អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុនស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាការដឹកនាំរបស់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិរំចេក ៤សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សម្បត្តិ សុគាវណ្ណរាជ (ហៅចិន) ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាជនជាតិ(សិង្ហបូរី) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង៤និង០០នាទីទៀបភ្លឺ នៅក្នុងបន្ទប់ស្នាក់នៅបរិវេណមណ្ឌលកុមារកំព្រាសន្តិភាព២ នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងពេលឃាត់ខ្លួនស្រាវជ្រាវដកហូសម្ភារៈជាភស្តុតាងមាន៖ ទី១-ទូរស័ព្ទដៃចំនួន៦គ្រឿង, ទី២-កុំព្យូទ័រឡេបថបចំនួន២គ្រឿង, ទី៣-កាតធនាគារ១សន្លឹក, ទី៤-អត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនជនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕





