
រតនគិរីៈ បុគ្គលិកអង្គការឃែរ៍ បើកម៉ូតូខ្វះការប្រុងប្រយ័ត្ន បានបុកកង់ក្មេងស្រីសិស្សសាលាពីក្រោយ បណ្ដាលឲ្យក្មេងស្រីសិស្សសាលា២នាក់ រងរបួសធ្ងន់ស្រាល។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២៖១៥នាទីថ្ងៃទី២៤ ខែ១២ ឆ្នាំ២០១៨ នៅចំណុចសាលារៀនសហការ លើផ្លូវជាតិ៧៦ បង្កោលលេខ២៨៣-២៨៤ ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ស្លាកលេខ ONG:151-107 បើកបរដោយឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអង្គការឃែរ៍ មានទីលំនៅភូមិទេសអន្លង់ ឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរ (រងរបួសស្រាល) ឌុបក្មេងស្រីឈ្មោះ ហៀង អាមុយ អាយុ៨ឆ្នាំ សិស្ស មានទីលំនៅជាមួយអ្នកបើកបរម៉ូតូ (របួសធ្ងន់បែកថ្ងាស)។ ចំណែកភាគីកង់ជិះដោយឈ្មោះ ហៀង អាមួយ ភេទស្រី អាយុ១១ឆ្នាំ សិស្ស មានទីលំនៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី របួសធ្ងន់បាក់ភ្លៅឆ្វេង។
សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងបណ្តាលមកពីអ្នកបើកម៉ូតូមិនបានប្រុងប្រយ័ត្ននៅកន្លែងសាលារៀន បណ្តាលឲ្យបុកកង់ពីក្រោយ។
ក្រោយកើតហេតុក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តរតគិរី។ ចំណែកម៉ូតូ និងកង់ សមត្ថកិច្ចបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីដោះស្រាយតាមនីតិវិធី៕






