header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស និស្សិត ក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យម សិក្សា​ បឋមភូមិ,​ មធ្យមសិក្សា​ទុតិយភូមិ​ ប័ណ្ណសរសើរ​ និងរង្វាន់លើកទឹកចិត្ត ជូនសិស្សពូកែ​ និងគ្រូបង្រៀនឆ្នើម នៃសាលាអន្តរជាតិ ភ្យូឆឺរប្រាយ Future Bright នៅខេត្តសៀមរាប បានមានប្រសាសន៍ថា «ប្រទេសយើង បានរួចផុតពីសង្គ្រាម យើងមានឱកាស បង្ហាញនូវភាពរីកចម្រើន បង្ហាញអរិយធម៌ វប្បធម៌ នៅលើឆាកអន្តជាតិ ។ ជាក់ស្តែង ល្ខោនខោល ត្រូវបានដាក់ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលពីអតីតកាល គេមិនបានស្គាល់កម្ពុជានោះទេ ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ យើងជោគជ័យណាស់» ។

លោកឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែង​នៅទី១ ធ្នូ​ ឆ្នាំ២០១៨នេះទៀតថា ភាពជោគជ័យនៅថ្ងៃនេះ បង្ហាញពីគុណភាពនៃការអប់រំ និងការប្រកួតប្រជែង ដែលនេះបង្ហាញពីសមត្ថភាព និងការប្រឹងប្រែងពីផ្នែកដែលពាក់ព័ន្ធ គឺ ១-ការយកចិត្តទុកដាក់ពង្រឹងគុណភាពរបស់សាលា ២-ការខិតខំយកចិត្តទុកដាក់បង្រៀនរបស់លោកគ្រូអ្នកគ្រូ ៣-ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ និងការខិតខំប្រឹងប្រែងបីបាច់ចិញ្ចឹមថែរក្សាក្មួយៗសិស្សនុសិស្សរបស់ឪពុកម្ដាយ ។

លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងគុណភាពនៃការប្រឡងដើម្បី ទី១-ពង្រឹងគុណភាព អ្នកដែលជាប់មានសមត្ថភាព ទី២-ផ្លាស់ប្ដូរផ្នត់គំនិតក្មួយៗសិស្សានុសិស្សឲ្យពឹងផ្អែក និងជឿទុកចិត្តលើខ្លួនឯង មិនពឹងផ្អែកលើអ្នកដទៃ ក្នុងពេលប្រឡង ។ ដូច្នេះ ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រដោយខ្លួនឯង និងចាប់យកជំនាញមួយដែលច្បាស់លាស់ ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ ហើយត្រូវសម្រេចចិត្តរៀនឲ្យចប់ចុងចប់ដើម ហើយមានសមត្ថភាពធ្វើការ ។

លោក ហ៊ុន ម៉ាណែត បន្តថា ៖ សិស្សានុសិស្សត្រូវមានសញ្ញាបត្រ និងសញ្ញាឃើញ ។ សញ្ញាបត្រគឺជាមូលដ្ឋាននៃទ្រឹស្ដី និងសញ្ញាឃើញគឺជាសមត្ថភាពនៃការអនុវត្តជាក់ស្ដែងនៅក្នុងការងារ ។ នៅក្នុងជីវិតយើង ត្រូវតែមានសញ្ញាប័ត្រពីរនេះ ។ នៅក្នុងជំនាន់ឪពុកម្ដាយយើង លោកពុំសូវមានឱកាសសិក្សារៀនសូត្រនោះទេ ប៉ុន្តែលោកមានសញ្ញាឃើញច្រើន ។ ក្មួយៗសិស្សានុសិស្សនៅសម័យនេះត្រូវតែខិតខំសិក្សារៀនសូត្រទាំងទ្រឹស្ដី និងមានសមត្ថភាពអនុវត្តការងារជាក់ស្តែង ។ ក្មួយៗសិស្សានុសិស្សត្រូវមានការសម្រេចចិត្ត និងការទទួលខុសត្រូវលើជីវិតខ្លួនឯង ។ ព្រោះនៅថ្ងៃអនាគតក្មួយៗនឹងមានគ្រួសារ មានកូន ដែលត្រូវទទួលខុសត្រូវដូចឪពុកម្ដាយយើងកំពុងតែធ្វើដូចសព្វថ្ងៃនេះ ។ ក្មួយៗមានឱកាសច្រើនបើប្រៀបធៀបនឹងឱកាសឪពុកម្ដាយយើង ប៉ុន្តែឱកាសនៃការប្រឈមក៏មានច្រើនដែរគឺមានការប្រកួតប្រជែង ។ ដូច្នេះក្មួយៗត្រូវបង្កើនសមត្ថភាពដើម្បីប្រកួតប្រជែង ហើយត្រូវរៀនពីឥឡូវទៅ ក្មួយៗនឹងរីកចម្រើន ហើយត្រូវទទួលខុសត្រូវចំពោះអនាគតខ្លួនឯង ។

លោកឧត្តមសេនីយ៍ឯក ក៏បាន សូមថ្លែងអរគុណចំពោះគណ:គ្រប់គ្រងសាលា ដែលបានខិតខំបណ្ដុះបណ្ដាលអនាគតដល់ក្មួយៗសិស្សានុសិស្ស និងធ្វើឲ្យពួកគេមានភាពម្ចាស់ការលើខ្លួនឯង ។ ក៏សូមអរគុណលោកគ្រូអ្នកគ្រូដែលជាឪពុកម្តាយទី២ដែលបានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ធ្វើឲ្យពួកគេមានសមត្ថភាព និងក៏សូមអរគុណចំពោះឪពុកម្ដាយដែលបានខិតខំបីបាច់ថែរក្សាក្មួយៗសិក្សានុសិស្ស ។

លោកបានថ្លែងសង្កត់ធ្ងន់ថា ៖ ប្រទេសយើងបានរួចផុតពីសង្គ្រាម យើងមានឱកាសបង្ហាញនូវភាពរីកចម្រើន បង្ហាញអរិយធម៌វប្បធម៌នៅលើឆាកអន្តជាតិ ។ ជាក់ស្តែង ល្ខោនខោលត្រូវ បានដាក់ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលពីអតីតកាលគេមិនបានស្គាល់កម្ពុជានោះទេ ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះយើងជោគជ័យណាស់ ហើយយើងជឿជាក់ថា ខ្មែរធ្វើបាន ព្រោះខ្មែរគឺជាពូជកសាងអង្គរដែលមានការកោតសរសើររាប់ទសវត្សរ៍មកហើយ ។ ដូច្នេះយើងត្រូវរួមគ្នាកសាងបន្ថែមទៀត ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post