header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រលកអំពើហិង្សាកាលពី៤ឆ្នាំមុន ដែលបានធ្វើឲ្យមានអ្នករងរបួស ស្លាប់ បាត់ខ្លួន និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជនមួយចំនួនធំ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការកាត់ទោសមេៗសហជីពចំនួន៥នាក់ និងមេសមាគមម្នាក់ ដែលអាជ្ញាធររកឃើញថា ជាកម្លាំង​ចលករជំរុញឲ្យមានករណីហិង្សានោះ។

ជនត្រូវចោទ ដែលតុលាការកាត់ទោសទាំង៦នាក់ មិនហ៊ានចូលខ្លួនមកក្នុងសវនាការនាថ្ងៃទី ៧ ធ្នូ ឆ្នាំ២០១៨នេះទេ គឺមានតែមេធាវីរបស់ពួកគេប៉ុណ្ណោះ។

ជនជាប់ចោទទាំង៦នាក់រួមមាន ១លោក អាត់ ធន់ ប្រធានសហជីពស៊ីកាឌូ។ ២លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្រ។ ៣លោក ជា មុន្នី ។ ៤ លោកស្រី ម៉ម យឹម។ ៥លោកស្រី យ៉ាង សោភ័ណ។ ៦ លោក ប៉ាវ ស៊ីណា។

លោកចៅក្រម អ៊ឹម វណ្ណៈ ជាចៅក្រមជំនុំជម្រះ​លោក លី សុផាណា ជាតំណាងអយ្យការ បានផ្ដើមចោទប្រកាន់មេសហជីព និងមេសមាគមទាំង៦នាក់ ពីបទ ១ហិង្សាដោយចេតនាមានស្ថានទម្ងន់​ទោស, ២ បទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់​ទោស , ៣ គំរាមកំហែងថានឹងធ្វើឲ្យមានការខូចខាត ដែលភ្ជាប់នឹងបញ្ជាអ្វីមួយ, បទប្រើមធ្យោបាយដើម្បីជាឧប្បសគ្គដល់ចរាចរសាធារណៈ ប្រព្រឹត្តនៅមុនចំណុចសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី ៣ មករា ឆ្នាំ២០១៤ បទល្មើស ដែលមានចែងឲ្យផ្ដ​ន្ទាទោសតាមបញ្ញាត្តិមាត្រា ២១៨ មាត្រា៤១១ មាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨នៃច្បាប់ស្ដីពីចរាចរផ្លូវគោក។

សវនាការនេះដោយសារតែគ្មានវត្តមានជនត្រូវចោទ តុលាការបានត្រឹមតែសាកសួរមន្ត្រីនគរបាល២នាក់ ដែលរងរបួសក្នុងហេតុការណ៍នៃអំពើហិង្សានោះ។ ក្នុងនោះមានម្នាក់ដកពាក្យឈប់ប្ដឹង និងម្នាក់ទៀតមានរបួសខ្វាក់ភ្នែកប្ដឹងទាមទារសំណង១ម៉ឺនដុល្លារ និងការអានចម្លើយពួកជនជាប់ចោទនៅតំណាក់កាលចៅក្រមស៊ើបសួរប៉ុណ្ណោះ ដែលចម្លើយពួកគេម្នាក់ៗសុទ្ធតែបដិសេធថា មិនបាននៅកន្លែងកើតហេតុ ឬដឹកនាំការធ្វើបាតុកម្មនោះទេ។

ចំណែកសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ជីម៉ាក់ ដែលតំណាងឲ្យរោងចក្រកាត់ដេរជាង២០០រងគ្រោះ ដោយរលកអំពើហិង្សាបានសម្រេចដកពាក្យឈប់ប្ដឹងមេៗសហជីព និងសមាគមគ្រូបង្រៀនរបស់លោក រ៉ុង ឈុន ដែលពាក្យឈប់ប្ដឹង ទើបតែដាក់ចូលតុលាការនៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៨នេះប៉ុណ្ណោះ ។

សូមបញ្ជាក់ថា នៅក្នុងសវនាការនេះ តុលាការបានចាក់ស្លាយវីដេអូរពីសកម្មភាពបង្កហិង្សាដោយក្រុមកម្មករនៅលើផ្លូវវេងស្រេងយ៉ាងពុះកញ្ជ្រោលនៅក្នុងរោងចក្រកាត់ដេរនានា។

ស្ដែងពីទង្វើហិង្សានេះ តំណាងអយ្យការបានធ្វើសេចក្ដីសន្និដ្ឋានរក្សាទុកបទចោទឲ្យនៅជាធរមាន និងស្នើឲ្យចៅក្រមសម្រេចតាមនីតិវិធី ។

លោកចៅក្រម អ៊ឹម វណ្ណៈ បានកំណត់យកថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ដើម្បីប្រកាសាលក្រម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post