header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ ប្រភពបានរាយការណ៍ថា ជើងខ្លាំងល្បីឈ្មោះរកស៊ីជំនួញឈើគ្រញូងល្មើសច្បាប់ ហ្ស៊ីន ស្រ៊ីលាភ ទិញឈ្មោះគេតាំងពីស័ក្តិតូចរហូតដល់ថ្នាក់នាយរងប៉ុស្តិ៍ស្អំ ខេត្តត្បូងឃ្មុំនោះ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បានធ្លាក់ខ្លួនដៃជាប់ខ្នោះ ហើយត្រូវប៉ូលិសអូស​ទៅកាន់តុលាការ​ ។

ស្នងការ​នគរបាលខេត្តត្បូងឃ្មុំ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​បានចាប់ខ្លួន​បុរសម្នាក់ដាក់ខ្នោះ ហើយថតរូបភាពផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក អមដោយអក្សរពីរបីបន្ទាត់ថា «ដំណើរការក្តី​ត្រូវអនុវត្តន៍តាមអង្គហេតុ និងអង្គច្បាប់ មិនអាចធ្វើតម្រូវចិត្ត តាមទស្សនៈ​ក្នុងបណ្តាញសង្គម​គ្រប់ៗទេ» ។

តាមពិតទៅ បុរសដែលជាប់ខ្នោះដៃ និងត្រូវប៉ូលិសអូសទៅឡើងតុលាការនេះ គឺជាស្នងការ​រងនគរបាលខេត្តត្បូងឃ្មុំ​ ហ្ស៊ីន ស្រ៊ីលាភ នោះទេដឹង ដែលកាលពីពេលថ្មីៗនេះ ល្បីខាងប្រើអំណាចសម្លុត គំរាមកំហែង និងវាយតប់​ទៅលើសមត្ថកិច្ច​ព្រៃឈើ​ដែលចុះអនុវត្តតួនាទីភារកិច្ចនោះ ។

គួររំលឹកថា មន្ត្រីនគរបាល ឋានៈនាយរងប៉ុស្តិ៍ស្អំ ឈ្មោះ យ៉ា សុផល នៃវរសេនាតូចការពារព្រំដែនគោក លេខ៦១៥ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានមានវត្តមានមករារាំងមន្ត្រីរាជការសាធារណៈកំពុងបំពេញ តួនាទីបង្ក្រាបបទល្មើសដឹកជញ្ជូនឈើគ្រញូង ក្នុងបទល្មើសជាក់ស្តែង និងឈានដល់ប្រើហិង្សាលើសមត្ថកិច្ច បណ្តាលឲ្យរងរបួស បានក្លាយទៅជារឿងអាម៉ាស់ របស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ក៏ដូចអាជ្ញាធរខេត្តមួយនេះ ហើយនៅបន្ទាប់ពីរឿងអាស្រូវរកស៊ីឈើគ្រូញូងដ៏រសើបនេះ ហ្ស៊ីន ស្រ៊ីលាភ ក៏ធ្លាយរឿងទិញឈ្មោះនគរបាល ពីឈ្មោះ ជួប ភារុណ តាំងពីស័ក្តិតូច រហូតដល់តួនាទីជាស្នងការរងខេត្តត្បូងឃ្មុំ ។

កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងចម្រុះនគរបាលខេត្ត ជំនាញរដ្ឋបាលព្រៃឈើ បង្ក្រាបការដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ចំនួន២រថយន្តតូច នូវលើកំណាត់ផ្លូវជាតិ លេខ៧ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏កើតឡើងនូវហិង្សាពីសមត្ថកិច្ចក្នុងសម្លៀកបំពាក់ជាជនស៊ីវិល បានចេញមុខមករារាំងសមត្ថកិច្ច ប្រមាថ សម្លុត តាមរយៈបញ្ជាពីលោកស្នងការរង ហ្ស៊ីន ស្រ៊ីលាភ ដែលមានវត្តមាននៅទីនោះ ខណៈរថយន្តដឹកឈើទាំង២គ្រឿង ត្រូវបានគេទម្លាយថា ជារថយន្តដឹកឈើរបស់លោកស្នងការ រងរូបនេះ ទើបកូនចៅរបស់ខ្លួននាយរងប៉ុស្តិ៍ស្អំឈ្មោះ យ៉ា សុផល មិនអនុញ្ញាតឲ្យសមត្ថកិច្ចចម្រុះបង្ក្រាប ថែម ទាំងគំរាម បើអ្នកណាហ៊ានចាប់រថយន្តនេះ ពួកអ្នកឯងមិនអាចរកស៊ីបទល្មើសក្នុងទឹកដីស្រុកមេមត់ខេត្តត្បូងឃ្មុំ នេះបានឡើយ ចាំតែមើលទៅ…។

ក្នុងសកម្មភាពលោក យ៉ា សុផល មករារាំងមន្ត្រីរាជការសាធារណៈបង្ក្រាបបទល្មើសជាក់ស្តែង ក៏ឈានដល់ប្រើ ហិង្សាទៅលើសមត្ថកិច្ច ។ ជំហ៊ានដំបូងត្រូវបានគេបង្ហើបថា លោក យ៉ា សុផល បានវាយមួយដៃចំកញ្ចប់មាត់ មន្ត្រីរដ្ឋបាលព្រៃឈើ នៅព្រលប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរ បាលខេត្តបានបកស្រាយថា នាយរងប៉ុស្តិ៍ស្អំឈ្មោះ យ៉ា សុផល មិនបានវ៉ៃទៅលើមន្ត្រីរដ្ឋបាលព្រៃឈើនោះទេគឺ ស្ថិតក្នុងស្ថានភាពអាការស្រវឹង ប្រកែកគ្នា ហើយយកដៃទៅរារាំង កុំឲ្យគេថតរូបក៏ប៉ះចំលើមន្ត្រីសមត្ថកិច្ចដែលលោកប្រើឲ្យទៅធ្វើកិច្ចការនៅទីនោះ ។ ប៉ុន្តែបើយើង ស្តាប់ និងក្រឡេកមើលវីដេអូវិញ ហាក់ដូចជាផ្ទុយស្រឡះទៅនឹងអ្វីដែលលោក បែន រ័ត្ន បាននិយាយហើយ ។

ប្រភពបន្តថា ពេលនោះក៏មានវត្តមានលោកស្នងការរងមួយរូប ឈ្មោះ ជួប ភារុណ ហៅលាភ (លោក ហ្ស៊ីន ស្រ៊ីលាភ ទិញឈ្មោះប៉ូលិសពីឈ្មោះ ជួប ភារុណ ចូលក្របខ័ណ្ឌ) នៅលើរថយន្ត (កន្លែងកើតហេតុ) ។ ប៉ុន្តែគាត់មិនបានមកចូលរួមរារាំងសមត្ថកិច្ចនោះទេ ។

ហ្ស៊ីន ស្រ៊ីលាភ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ជាមួយប្រភពព័ត៌មានថា ចំពោះករណីកើតហេតុនោះ ខ្ញុំមិនដឹងទេ ដោយសារជាប់មានភារកិច្ចនៅឯខេត្តកោះកុង ។ លុះព្រឹក ឡើងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ខ្ញុំក៏បន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែងជាមួយនឹងការហត់នឿយសឹងតែរកពេល សម្រាកទទួលទានអាហារមិនបានផង ។ ដូច្នេះរឿងអីដែលគេថា ខ្ញុំមានវត្តមាននៅកន្លែងកើតហេតុ និងបញ្ជាឲ្យ នគរបាលវ៉ៃមេព្រៃនោះគ្មានទេ ។ ខ្ញុំនិយាយការពិត មិនភូតភរ គឺរាល់ថ្ងៃនេះ ខ្ញុំរវល់ ខ្លាំងណាស់ រឿងដើរសាងសង់សាលាជូនថ្នាក់លើ ដូច្នេះខ្ញុំមានពេលឯណាមករកស៊ីបទល្មើសឈើ(Sic)។

គេមិនទាន់ដឹង​ឡើយ ថាជនដែលប៉ូលិសដាក់ខ្នោះ ប្រុងបញ្ជូនទៅតុលាការ​ខេត្តត្បូងឃ្មុំនេះ ត្រូវចោទពីបទល្មើសអ្វីនៅឡើយទេ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post