
ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាជោកជាំ បានបើករថយន្ដស៊េរីទំនើប ទៅបុករះរទេសសំរាម និងបង្គោលថ្មបាក់អស់៤ដើម នៅមុខក្រសួងវប្បធម៌ ហើយបន្តបើកចូលទៅបុកការ៉ាស់សាំងតេលា បណ្ដាលឲ្យបាក់ទូចាក់សាំងអស់មួយ ខណៈរថយន្ដរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលនៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្បែរស្ពានអាកាសក្បាលថ្នល់ ជាប់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក HYUNDAI ពណ៌ខ្មៅ ពាក់ស្លាកលេខ ពណ៌ទឹកក្រូច AT18 2-0460 បើកដោយបុរសមា្នក់ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ដែលធ្វើដំណើរទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងល្បឿន។ ខណៈពេលមកដល់នឹងចំណុចកើតហេតុ ក៏បានរេចង្កូតបុករះរទេះសំរាមរាយសំរាមពេញផ្លូវ និងបង្គោលថ្មបាក់អស់ចំនួន៤ដើម នៅមុខក្រសួងវប្បធម៌ និងជ្រុលមកបុកការ៉ាស់សាំងតេលា រងការខូចខាតបាក់ទូចាក់សាំងមួយគ្រឿង ហើយភ្លាមៗម្ចាស់ការ៉ាស់សាំង បានយកបំពង់ពន្លត់អគ្គិភ័យចំនួន៤បំពង់ មកបាញ់ការពារសាន្ថភាពខ្លាចមានការឆាបឆេះ។
ក្រោយពេលកើត សមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងហេតុ ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ដដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន ខណៈគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសឡើយ៕









