ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីណុប បញ្ញាស្នងការរងទទួលការងារទេសចរណ៍និងចរាចរណ៍ផ្លូវទឹក បានឲ្យដឹងថា៖ នៅវេលាម៉ោង១៧ៈ០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ជនជាតិចិនមានគ្នា ៦នាក់ បានជួលម៉ូតូទឹក ៣គ្រឿង របស់ម្ចាស់ឈ្មោះ អ៊ុន សៀប ដែលមានទីតាំងនៅមុខតូប៩៩១ នាំគ្នាជិះលេងកម្សាន្តផ្លាស់ប្តូរគ្នា ម្តងម្នាក់ៗ បានរយះពេល១៥នាទី ក៍នាំគ្នាជិះម៉ូតូទាំង៣គ្រឿង ទៅលេងជុំវិញកោះត្រេះ ប៉ុន្តែមានបុរសម្នាក់មិនទាន់ត្រឡប់មកវិញទេ នៅបន្តជិះ១ជុំទៀត រហូតដល់ម៉ោង១៧:៣០នាទី មិនឃើញត្រឡប់មកវិញ ទើបមានការឆោឡោ។
លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា បានបញ្ជាក់ថា៖ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោជួន ណា រិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចលេីផ្ទៃសមុទ្រ សហការគ្នាចេញល្បាតរកជនរងគ្រោះជាបន្ទាន់។
លោកណុប បញ្ញា ស្នងការរង បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកនិងទេសចរណ៍ ប្រេីប្រាស់អូរប័រចំនួន២ គ្រឿង ចេញល្បាតលេីផ្ទៃសមុទ្រ និងម៉ូតូទឹកចំនួន៩គ្រឿង(របស់ម្ចាស់ម៉ូតូទឹក)និងអូប័រចំនួន១គ្រឿង ព្រមទាំងបានទំនាក់ទំនងផ្តល់ពត៏មានទៅអង្គភាពព្រំដែនទឹក និងអង្គភាពសន្តិសុខលំហសមុទ្រដើម្បីជួយស្វែងរក។
ប៉ុន្តែយប់ងងឹត មិនអាចរកឃើញភ្លាមៗឡេីយ លុះភ្លឺឡើង ទេីបរកឃើញជនរងគ្រោះនិងម៉ូតូទឹក ដែលរសាត់អណ្តែត នៅខាងត្បូងឆ្នេរសមុទ្រអូរឈើទាលប្រមាណជិត១៧គីឡូម៉ែត្រ ពីច្រាំងសមុទ្រ។
ជនរងគ្រោះមានឈ្មោះ RAO GUANG ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED 9714953 ចុះថ្ងៃទី៧ ខែ៨ ឆ្នាំ២០១៨ ។
លោកណុប បញ្ញា បានបញ្ជាក់ថា៖ មូលហេតុដែលមិនអាចបេីកម៉ូតូត្រឡប់មកវិញបាន ដោយសារម៉ូតូអស់សាំង។ ពេលនាំមកដល់ដីគោក ជនរងគ្រោះ មានសុខភាពហត់នឿយបន្តិច ប៉ុន្តែមិនមានសភាពធ្ងន់ធ្ងរនោះទេ៕