
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានថ្លែងថា ផលនៃសុខសន្តិភាព ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស មានឱកាសត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួយស្រុកកំណើតរបស់ខ្លួន នឹងហើយ គឺជាស្មារតីរួមគ្នា នឹងហើយជាសមិទ្ធផល ក្រោមការដឹកនាំរយៈពេលជាង៤០ឆ្នាំនេះ ដែលសម្ដេចតេជោ ហ៊ុន សែន បានប្តេជ្ញាថែរក្សាសុខសន្តិភាពជាបន្តទៀត ។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ខណៈតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីបញ្ចុះខណ្ឌសីមា និងសមិទ្ធផលនានា ក្នុងវត្តព្រៃកន្ទោច នៅភូមិអង្គដូងពីស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃសៅរ៍ ទី១៥ ធ្នូ ២០១៨ ។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋបានបោះឆ្នោតឲ្យសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស ដឹកនាំប្រទេសគ្មានអ្វីក្រៅពីបម្រើប្រជាពលរដ្ឋនោះទេ។ នេះហើយគឺជាអ្វីដែលសម្តេចបានណែនាំជាប់ជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យខិតខំបម្រើប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋបានផ្ដល់ឱកាសតាមរយៈការបោះឆ្នោតគាំទ្រគណៈបក្សប្រជាជនកម្ពុជានិងសម្ដេចតេជោដឹកនាំប្រទេស។ ការគាំទ្រនេះគឺជាការផ្ដល់កម្លាំងចិត្តណាស់ក្នុងការបម្រើប្រជាពលរដ្ឋ និងជាទឹកចិត្តរបស់សម្តេចតេជោនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលទាំងអស់។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា សូមបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ ជឿចុះ ការគាំទ្រសម្តេចតេជោឱ្យដឹកនាំប្រទេស គឺមិនខុសទេ គឺលោកមិនដែលសម្រាកទេគឺតែងតែនៅជាប់ជាមួយនឹងប្រជាពលរដ្ឋ ខិតខំឲ្យវិនិយោគិនមកវិនិយោគ បើករោងចក្រផ្ដល់ឱកាសការងារឲ្យកូនចៅប្រជាពលរដ្ឋ ផ្សព្វផ្សាយ ទាក់ទាញឱ្យអ្នកទេសចរមកលេងស្រុកខ្មែរ លោកខិតខំធ្វើទាំងកិច្ចការក្នុងប្រទេស និងក្រៅប្រទេស គឺលោកធ្វើការដើម្បីប្រជាពលរដ្ឋខ្មែរ និងកូនចៅទៅថ្ងៃអនាគតឲ្យកាន់តែសម្បូរសប្បាយ។ ប្រជាពលរដ្ឋជាង៨៣% បានទៅបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា អោយសម្ដេចតេជោដឹកនាំប្រទេស គឺជាសារធំណាស់សម្រាប់ប្រាប់ដល់អន្តរជាតិថា ប្រជាពលរដ្ឋខ្មែរចង់បានក្តីសុខ ចង់រស់នៅសុខសប្បាយ ចង់មានជីវភាពធូរធារ។
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បន្តថា គោលការណ៍ គោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា គឺធ្វើល្អជាមួយប្រជាពលរដ្ឋ ជួយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋានខិតខំជួយប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណៈឲ្យកាន់តែល្អ។ ជាក់ស្ដែងបច្ចុប្បន្ននេះសេវាសាធារណៈបានចុះទៅដល់មូលដ្ឋាន។ នេះគឺជាការតបស្នងសងគុណចំពោះប្រជាពលរដ្ឋ។ កន្លែងខ្លះនៅមានការខ្វះខាតយើងខិតខំកែសម្រួល យើងខិតខំធ្វើ ។ អ្វីដែលយើងមានសព្វថ្ងៃនេះគឺយើងកំពុងរស់នៅក្នុងសេចក្តីសុខដោយមិនព្រួយបារម្ភពីសង្រ្គាមទៀតទេ។ នេះហើយគឺជាគោលការណ៍របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេច ហ៊ុនសែន។ នេះហើយគឺជាការជ្រើសរើស អ្នកដឹកនាំត្រូវ ហើយយើងរួមគ្នាកសាងប្រទេសសម្រាប់កូនចៅជំនាន់ក្រោយទៀត។
មេបញ្ជាការកងទ័ពជើងគោក ក៏បានសូមថ្លែងអំណរគុណប្រជាពលរដ្ឋសម្រាប់ការជឿទុកចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោក្នុងការបម្រើប្រជាពលរដ្ឋ ហើយថា សូមឲ្យប្រជាពលរដ្ឋបន្តជឿទុកចិត្តចំពោះការដឹកនាំ និងការខិតខំប្រឹងប្រែងរបស់សម្តេចជោដែលនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់ដើម្បីយើងរួមគ្នាកសាងប្រទេសបន្តទៅទៀត ៕











