
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាយ៉ាងកំហិតដល់មន្ត្រីអគ្គិសនី ឲ្យចុះជាបន្ទាន់ ដើម្បីដោះស្រាយតម្លៃភ្លើងនៅតាមទីផ្សារ ធ្វើយ៉ាងណាឲ្យមានតម្លៃ ដូចរាជរដ្ឋាភិបាលបានកំណត់។
យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា “សម្តេចតេជោ បញ្ជាយ៉ាងកំហិតដល់មន្ត្រីពាក់ព័ន្ធនឹងអគ្គិសនី ឲ្យចុះជាបន្ទាន់ដោះស្រាយតម្លៃភ្លើង នៅតាមទីផ្សារ ឲ្យមានតម្លៃដូចរាជរដ្ឋាភិបាលបានកំណត់”។
សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ កាលពីថ្ងៃទី១៧ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបញ្ចុះតម្លៃ។ សម្តេចបន្តថា ប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនី ចាប់១គីឡូវ៉ាត់ដល់១០គីឡូវ៉ាត់ក្នុងមួយខែ ហើយត្រូវបង់ថ្លៃ៤៨០រៀលនោះ នឹងត្រូវបញ្ចុះតម្លៃមកបង់ត្រឹម៣៨០រៀល ។ ចំណែក ពលរដ្ឋប្រើប្រាស់ពី១១ ដល់៥០គីឡូវ៉ាត់មួយខែ ដែលត្រូវបង់ថ្លៃ៦១០រៀល ត្រូវបញ្ចុះថ្លៃមកត្រឹម៤៨០រៀលវិញ នៅឆ្នាំ២០១៩ និងឆ្នាំ២០២០៕
