header ads

Sponsor

(ភ្នំពេញ)៖ នៅ​យប់​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ៣ ជា ពៅ បាន​ឲ្យ​ដឹងថា ករណី​បង្ហោះ​វីដេអូ លើ​បណ្តាញ​សង្គម Facebook ដោយបាន​កាត់ត​ជន​ជាតិចិន​មួយក្រុម កាន់​កាំបិត​កាប់​គ្នា កាលពីពេលថ្មីៗនេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ អ៉ឹ​ង ហ៊ុម ភេទ​ប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ យកមក​សាកសួរ។


ជនសង្ស័យ​ដែល​ផលិត និង​បង្ហោះ​ចែកចាយ​វីដេអូ កាត់ត​ជនជាតិ​ចិន​មួយក្រុម កាន់​កាំបិត​កាប់​គ្នា ត្រូវបាន​ចាប់ខ្លួន​ហើយ នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។ លោក​បន្ថែមថា ជនសង្ស័យ​រូបនេះ កំពុង​ត្រូវបាន​សួរនាំ​នៅ​នាយកដ្ឋាន ដើម្បី​ចាត់ការ​តាមច្បាប់។


ជនសង្ស័យ​នេះ គឺជា​អ្នក​កាត់ត​វីដេអូ​នោះ​ដោយ​ផ្ទាល់ដៃ ហើយ​សមត្ថកិច្ច ក៏បាន​ដកហូត​កុំ​ព្យូ​រ​ទ័​រ​បាន​មួយចំនួន​ផងដែរ។ លោក​បាន​បន្តថា ករណី​បង្ហោះ​វីដេអូ បង្ក​អសន្តិសុខ​នេះ សមត្ថកិច្ច​ក៏​ធ្លាប់បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ខេត្តសៀមរាប​ផងដែរ តែ​ពេល​សួរនាំ​ទៅ​ក៏​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ អ៉ឺ​ង ហ៊ុម តែម្តង ដោយ​ជនសង្ស័យ​រូបនេះ​បាន​សារភាពថា​បាន​ទិញ​វីដេអូ​ពី​ឈ្មោះ អ៊ឹង ហ៊ុម​នេះ​តែម្តង។


ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​កាត់ត​វីដេអូ នោះ​ផ្ទាល់ដៃ​ពិតមែន។ មូលហេតុ​នៃ​ការបង្កើត​វីដេអូ ខុសពី​ការពិត​នេះ ដោយសារ​ជនសង្ស័យ​យល់ថា បច្ចុប្បន្ន​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ជនជាតិ​ចិន ហើយ​ខ្លួន​បាន​យក​រឿង​ចិន​ហុងកុង មក​កាត់​បញ្ចូល​គ្នា ជាមួយ​វីដេអូ ដែល​ក្មេងស្ទាវ​ជនជាតិ​ចិន​ឈ្លោះ​គ្នា នៅ​ខណ្ឌទួលគោក ដើម្បី​ឲ្យ​គេ​ចូល​មើល​វីដេអូ​ខ្លួន។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ជា ពៅ។


សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​អញ្ជើញ​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​ពិធីបុណ្យ​សមុទ្រ នៅ​យប់​ថ្ងៃទី១៥ ខែធ្នូ​នេះ សម្តេច​ក៏បាន​លើកឡើង​អំពី វីដេអូ​កាត់ត​នោះដែរ។ ពេល​សម្តេច​ទទួលបាន​ភ្លាម សម្តេច​បាន​បញ្ជូន​ទៅកាន់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ, នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៉ី​ណា​រិ​ទ្ធិ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​ឆ្លើយតប​មក​សម្តេច​ថា ជា​វីដេអូ​កាត់ត។ សម្តេច​បាន​រិះគន់ និង​ចាត់ទុកថា ការបង្កើត​វីដេអូ​នោះ គឺ​ដើម្បី​បង្ក​ភាពចលាចល និង​បង្កើត​ភាព​យល់ច្រឡំ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​កម្ពុជា។


កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពី​មានការ​ចែកចាយតៗ ចំពោះ​វីដេអូ​ខាងលើនេះ លើ​បណ្តាញ​សង្គម Facebook នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន តាមរយៈ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏បាន​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង នូវ​ខ្សែ​វីដេអូ​ឃ្លី​ប ដែល​អះអាងថា បានកើត​នៅ​រាជធានី​ភ្នំពេញ។
អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏បានសង្កត់ធ្ងន់ៗថា រឿងនេះ​មិនមាន​ការកើតឡើង ក្នុងប្រទេស​កម្ពុជា​ឡើយ។ ចំណែក​សំឡេង ដែល​បាន​ថត​ក្នុង​សាច់រឿង​នោះ គឺជា​សម្លេង​ថត​បញ្ចូល ក្នុង​បំណង​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ ដើម្បី​ចង់​បំពុលបរិយាកាស​សន្តិសុខ​តែប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post