ភ្នំពេញៈ មិត្តអ្នកអាន ដែលជាប្រជាពលរដ្ឋធម្មតា បានផ្ញើលិខិត មួយច្បាប់ មកកាន់ការិយាល័យនិពន្ធ របស់ ខេមប៉ុស្តិ៍ ដោយបានរៀបរាប់ ពីទង្វើរ និង សកម្មភាព ក្អេងក្អាង របស់ក្រុមថ្មី ឈ្មោះថា ស័ក្តិសិទ្ធ ដែលជាក្រុម បង្កើត និងចាត់តាំងឡើងដោយខ្លួនឯង ដើរធ្វើសកម្មភាពមួយចំនួន ដោយក្រុមនេះ មិនមែនជាមន្រ្តី មានក្រមខ័ណ្ឌនគរបាលជាតិ ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រង ពីលោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ ដែលទើបតែមកកាន់តំណែងថ្មីផងនោះ។ ដោយទង្វើរ អំនួត របស់ប្រធានក្រុមនេះ បានធ្វើអោយលោកអធិការខណ្ឌដូនពេញ បានទទួលការព្រមានពីមេប៉ូលិសក្រុងភ្នំពេញផងដែរ។
នៅក្នុងលិខិតមិត្តអ្នកអាន បានអោយដឹងថា ក្រុមនេះខុសច្បាប់ដើរអុកឡុកក្នុងមូលដ្ឋានខណ្ឌដូនពេញ មានរហ័សនាម ថា ក្រុម ស័ក្តិសិទ្ធ។ ក្រុមនេះ មិនមែនជាប៉ូលិស បន្លំខ្លួនធ្វើជាមន្ត្រីនគរបាលជាតិ ចុះចាប់ និង បង្រ្កាបបទលើសគ្រឿងញៀន។ ក្នុងមូលដ្ឋាន ខណ្ឌដូនពេញ នៃអធិការដ្ឋាន ខណ្ឌដូនពេញ ពិតជាមានកំលាំងស៊ីវិល ពិតប្រាកដមែន ក្រុម រហ័សនាម ស័ក្តិសិទ្ធ មានសមាសភាព ចំនួន មនុស្សគ្នា ១០នាក់ ដោយមាន ប្រធានក្រុម ស័ក្កសិទ្ធ ឈ្មោះ អេង វុត្ថា (ភេទប្រុស) ការងារបច្ចុបន្បន្ន មានទួនាទី (ជានាយក និពន្ធកាសែត inter web ក្នុងបណ្តាយសង្គម facebooks)។ អនុប្រធានក្រុម ស័ក្កសិទ្ធ ឈ្មោះ អ៊ុ ណារិន (ភេទប្រុស) តួនាទី អ្នកយកព័ត៌មាន និងមានកូនចៅ ចំនួនមនុស្ស ៨នាក់ទៀត មានទួនាទី ជាអ្នកយកព័ត៌មានដូចគ្នា។
ទាំងប៉ូលិសប៉ុស្តិ៍ជាច្រើន និង PM ក្នុងខណ្ឌដូនពេញ បានលើកឡើងថា គ្មានអ្នកណាធ្វើខុសច្បាប់ទម្លាប់ ដូច អធិការខណ្ឌថ្មីនិងទេ។ កាលអធិការខណ្ឌ ចាស់នៅដូចជាមិនចឹង ទេប្រជាជនស្រលាញ់ គាត់ខ្លាំង ទាំងអ្នករកស៊ី ហើយមានការគាំទ្រ ស្រលាញ់ពីកូនចៅប៉ូលីស ហើយគាត់ចេះអោយតំលៃកូនចៅណាស់បើមិនជឿដើរសួរប៉ុស្តទាំងអស់ក្នុងដូនពេញដឹងហើយ។ បើមេថ្មីនេះវិញ សូម្បីតែមេប៉ុស្តិ៍ទាំងអស់ ក៏មិនពេញចិត្តដែរ។
ក្នុងលិខិតនោះបន្ថែមថា ពួកក្រុមស៊ីវិលនេះធ្លាប់ជិះដេញចាប់ប្អូនពួកខ្ញុំដែរដោយអោយពួកវាឈប់អោយថា សង្ស័យមុខសញ្ញាបានបើកឆែក កែបម៉ូតូ និងខ្លួនពួកក្មេងៗអោយតែអត់ដាក់កញ្ចក់ និងអត់មួកសុវិត្ថិភាព គឺដឹងដេញចាប់ឆែក។
បើអាចគួរតែដាក់ថា ក្រុមបន្លំជិះ បានជិះដេញក្មេងស្ទាវគាប់ស៊ីយប់ ថ្ងៃ ព្រឹក តាមផ្លូវតាមមាត់ទន្លេ ធ្វើអោយប្រជាជនភ័យខ្លាច ស្មានតែក្រុមចោរដេញប្លន់ប្រជាជន។ ជាចុងក្រោយសង្ឃឹមថារឿងនេះ នឹងដឹងដល់សម្តេចតេជោ។
ក្រៅពីលិខិត មិត្តអ្នកអាននេះ ក៏មានប្រជាពលរដ្ឋ ដែលធ្លាប់ទទួលរងនូវភាពអយុត្តិធម៌ កន្លងមក ក៏បានអោយដឹងដែរថា “លោកអធិការ ខណ្ឌដូនពេញជាមនុស្សល្អកម្ររកបានណាស់ កាលពីគាត់នៅជាអធិការខណ្ឌឬស្សីកែវ បង ប្រុសខ្ញុំត្រូវលោកឧកញ៉ាម្នាក់បញ្ជា ឲ្យអង្គរក្ស គាត់មកវ៉ៃ ហើយ បង ប្រុស ខ្ញុំក៏ប្តឹងទៅប៉ូលីស តែមិនឃើញមានចំណាត់ការអ្វីទាំងអស់ ចាំបាត់ៗ ខ្ញុំ និង បងខ្ញុំ បានសុំជួបគាត់ បន្ទាប់មកគាត់ក៏ឲ្យជួប ក៏បានណាត់គាត់ ទៅជួបនៅអធិការដ្ឋាន តែរឿងនឹកស្មានមិនដល់ គឺគាត់ជាមនុស្សដែលល្អរកមិនបាន គឺពេលទៅដល់យើងត្រូវអង្គុយចាំគាត់ប្រមាណជាមួយម៉ោង តែដល់ពេលបានជួប មិនទាន់តែដោះស្បែកជើង ដាក់គូថអង្គុយដល់កៅអី ផង គាត់សួរថាមានរឿងអី មកមានការអី បង ក៏ឆ្លើយថារឿងគេវ៉ៃគាត់។ ឆ្លើយមិនទាន់ផុតផង គាត់ថា គេដឹងហើយ គេចេះធ្វើការហើយ មិនបាច់ប្រាប់គេទេ តែមានអីថ្មីគេ ប្រាប់ហើយ។ តែមកដល់ពេលនេះ រហូតដល់ប្តូរមកខណ្ឌដូនពេញ រឿងនៅតែជារឿង។ ហើយជនរងគ្រោះមានតែបន្តប្តឹង មកតុលាការ តែប៉ុណ្ណឹងឯង។ អធិការល្អរកគ្មានបែបនេះ រកឯណាបាន ចាំមួយម៉ោង ឆ្លើយមួយម៉ាត់ ចប់។ ពិបាករកណាស់ អធិការល្អ ដូចតួកុន ចឹងនោះ”។
សូមបញ្ជាក់ថា ក្រោយពីបែកបែកធ្លាយ របស់ក្រុម ស័ក្តសិទ្ធ ដែលជាក្រុម ក្រៅក្របខណ្ឌរបស់នគរបាលជាតិនោះ លោក សរ ថេត ស្នងការរាជធានីភ្នំពេញ ក៏បានបញ្ជាអោយមានស៊ើបអង្កេត និង បានព្រមាន ទៅលើលោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញថ្មី អោយបញ្ឈប់ ក្រុមនេះជាបន្ទាន់។
គួររំឭកផងដែរថា បន្ទាប់ពីលោកស្នងការរងមួយរូបចុះមកស៊ើបអង្កេតក្នុងរឿងនេះ មិនដឹងថា លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ភ្ញាក់ខ្លួន ឬខ្លាចប្រឈមការទទួលខុសត្រូវជាមួយថ្នាក់លើយ៉ាងណា នោះទេ គេឃើញថា កម្លាំងស៊ីវិល១០នាក់ កន្លងមកដែលលោកអធិការប្រើប្រាស់ជំនួសមត្ថកិច្ចមានទាំងការ រៀបចំជាក្រុម ប្រជុំនិងតម្រង់ជួរ មានកាតសម្គាល់ មានវិទ្យុទាក់ទងជាមួយនឹងការបិទស្លាកឡូហ្គោនគរបាលជាតិ ផងនោះ បច្ចុប្បន្នត្រូវបានបញ្ឈប់រាល់សកម្មភាពនេះ។
ជុំវិញលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញប្រើប្រាស់កម្លាំងស៊ីវិលកន្លងមកនេះ មិនត្រឹមតែជា ទិសដៅ ទាញយកផលប្រយោជន៍ក្នុងមូលដ្ឋាននោះទេ ប្រជាពលរដ្ឋមួយចំនួនរិះគន់យ៉ាងធ្ងន់ធ្ងរលើជនស៊ីវិល ទាំងនោះ គាបសង្កត់ ក្នុងប្រយោជន៍ចំពោះមុខរបរ។
ចំពោះមតិប្រជាពលរដ្ឋ ជាច្រើនបានសម្តែងការសាទរ និងខ្លះទៀត បានចោទជាសំនួរថា ក្រុមដែលបង្កើតឡើង ដោយគ្មានព្រះរាជក្រឹត្យចាត់តាំង ធ្វើឡើងដោយចិត្តឯង ដូចជាមិនមានទទួលនូវការពិន័យ ឬក៏ សួរនាំក្រុមនោះនៅឡើយទេ ហើយម៉្យាងទៀត ចម្លែកតែ ប្រធានក្រុម ស័ក្តិសិទ្ធនោះ ជាអ្នកសារព័ត៌មាន ហ៊ានចេញមុខទៅកាង ថែមទៀត។
តើជនរងគ្រោះប៉ុន្មាននាក់ដែលធ្លាប់រងនូវភាពអយុត្តិធម៌ ពីក្រុមស័ក្តិសិទ្ធ និងទៅជាយ៉ាងណា បើក្រុមអ្នកប្រព្រឹត្ត ហាក់ដូចជាមានសេរីភាពដដែល បែបនេះ។ តើការបង្កើតក្រុមដែលជាជនស៊ីវិល អោយក្លាយខ្លួនជាសមត្ថកិច្ច នេះ វាត្រឹមត្រូវ ទៅតាមច្បាប់ដែរឬទេ? ចុះបើខុសពីច្បាប់ តើគួរមានចំណាត់ការបែបណាដែរ?៕