កំពតៈ យុវជនរបស់កម្ពុជា ប្រមាណជាង៤០០នាក់ ត្រូវបានរដ្ឋាភិបាលចិន ផ្តល់ឱកាសទៅសិក្សាបណ្តុះបណ្តាលនៅវិទ្យាស្ថានទំនាក់ទំនងយុវជនអន្តរជាតិចិនក្វាងស៊ី ហើយជាលទ្ធផល រដ្ឋាភិបាលចិន និងនាយកវិទ្យាស្ថានបានចាប់អារម្មណ៍ និងសរសើរដល់យុវជនកម្ពុជា ថា មានវិន័យល្អ និងខិតខំរៀនសូត្រ ទទួលបានលទ្ធផលល្អ ជាងយុវជនប្រទេសដទៃ ហើយវិទ្យាស្ថានគ្រោងនឹងទទួលយកយុវជនកម្ពុជាជាច្រើននាក់ទៀត ឲ្យទៅសិក្សា នាពេលឆាប់ៗខាងមុខនេះ។
មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីស្វាគមន៍ការអញ្ជើញមកដល់គណៈប្រតិភូមកពីវិទ្យាស្ថានទំនាក់ទំនងយុវជនអន្តរជាតិចិន មកធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅមន្ទីរបក្សខេត្ត នាយកវិទ្យាស្ថាន Mr. Chen Zhijie បានឡើកឡើងថា ចិន និង កម្ពុជា គឺមានទំនាក់ទំនង សម្ព័ន្ធភាព មិត្តភាពយ៉ាងស្អិតរមួត អាចនិយាយបានថា ជាបង ប្អូនល្អនឹងគ្នា ជាយូរណាស់មកហើយ។ប្រទេសចិនតែងតែមានបំណង់ជួយកម្ពុជា ទាំងថវិកា សម្ភារៈ និងធនធានមនុស្ស។ ជាក់ស្តែងវិទ្យាស្ថានទំនាក់ទំនង់យុវជនអន្តរជាតិចិនរបស់លោក បានផ្តល់ឱកាសឲ្យយុវជនកម្ពុជាទាំងអស់ ទូទាំងប្រទេសទៅសិក្សាស្វែងយល់ បំពាក់បំប៉នចំណេះដឹងបានចំនួនប្រមាណជាង បួនរយនាក់។ បើតាមការគត់សំគាល់នាពេលកន្លងមក លោកយល់ឃើញថា យុវជនកម្ពុជាខិតខំរៀនសូត្រ ចង់ចេះចង់ដឹង និងគោរពវិន័យបានល្អ ហើយជាលទ្ធផលយុវជនកម្ពុជាអាចនិយាយបានថាទទួលបានចំណាត់ខ្ពស់នាំមុខគេ ការសរសេរនិក្ខេបទមួយទទួលបានការកោតសរសើរ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ(ចិន- កម្ពុជា)។
លោកបានបញ្ជាក់ទៀតថា ដោយមើលឃើញពីចំណុចល្អទាំងនេះ ក្រោយពេលលោកដឹកនាំគណៈប្រតិភូត្រឡប់ទៅវិញ លោកនឹងខិតខំធ្វើកិច្ចការងារដាក់សំណើទៅរដ្ឋាភិបាល ដើម្បីផ្តល់ឱកាសឲ្យយុវជនកម្ពុជាច្រើននាក់ទៀតបានទៅចូលរួមសិក្សា ស្វែងយល់បន្ថែម នៅប្រទេសចិន។
លោក ភន់ សារពេជ្រ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានថ្លែងអំណរគុណដល់ លោកនាយក និងសហការីទាំងអស់របស់វិទ្យាស្ថាន ដែលបានផ្តល់ឱកាសឲ្យយុវជនកម្ពុជាទៅសិក្សារៀនសូត្រនៅប្រទេសចិន ។ ដោយឡែកយុវជនគណបក្សខេត្តកំពត ក្រោយបានទៅសិក្សា រៀនសូត្រ ទទួលបានការចាប់អារម្មណ៍ ពីថ្នាក់ដឹកនាំរបស់ចិន ក៏ដូចជាវិទ្យាស្ថានទំនាក់ទំនង់យុវជនអន្តរជាតិចិន និងទទួលបានការកោតសរសើរ លើកទឹកចិត្ត។ អ្វីដែលពិសេសទៅទៀតនោះ វិទ្យាស្ថានបាននឹងកំពុងត្រៀមរៀបចំទទួលយុវជនគណបក្សខេត្ត ឲ្យទៅសិក្សាបន្តទៀត ទាំងកិច្ចការងារសហគ្រិនវ័យក្មេង ឬស្វែងយល់អំពីប្រទេសចិន។
លោក ជឹង ផល្លា អភិបាលរងខេត្តកំពត នៅក្នុងឱកាសចូលរួមជាអធិបតី តំណាងលោក ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ប្រាប់ដែរថា កម្ពុជាក៏ដូចជាខេត្តកំពតពេញចិត្តយ៉ាងខ្លាំងចំពោះមហាមិត្តចិន ដែលកន្លងមក បានជួយកម្ពុជាដោយគ្មានល័ក្ខខ័ណ្ឌ និងមិនលូកដៃក្នុងកិច្ចការងារផ្ទៃក្នុង។ លោកស្នើឲ្យចំណង់មិត្តភាពដ៏យូរអង្វែងនេះនៅស្ថិតស្ថេរតទៅ ហើយពិសេសយុវជននៃប្រទេសទាំងពីរត្រូវធ្វើយ៉ាងណាឲ្យ មិត្តភាព ភក្តីភាពកាន់តែស្អិតរមួតប្រសើរបន្ថែមទៀត៕