header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ ជនសង្ស័យចំនួន៥នាក់ ត្រូវ​​កម្លាំង​​ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណីឃុំឃាំងស្ដ្រីជនជាតិថៃ២នាក់ ដើម្បីជំរិតទារប្រាក់។ ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះ ធ្វើឡើង​​នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ​។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យជំរិតទារប្រាក់ទាំង៥រូបនេះ ​ក្រោមការចង្អុលណែនាំ ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​នាយឧត្តសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ ។

លោកស្នងការ បាន​រៀបរាប់ពីដំណើ​ររឿងថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨​ ស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់​ បានធ្វើដំណើរតាមយន្តហោះ ពីទីក្រុងបាងកក មកចុះនៅព្រលានយន្តហោះខេត្តសៀមរាប ។ ក្រោយស្ត្រីរងគ្រោះចុះពីលើយន្តហោះ ក៏មានរ៉ឺម៉កកង់បីដឹកចេញពីព្រលាន​យន្តហោះ ដែលមាន​រថយន្តមួយគ្រឿង ចាំទទួលយកមកទីតាំងកើតហេតុនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារតែម្តង។

ក្រោយមកក្រុមជនសង្ស័យទាំង៥នាក់នេះ បានបង្ខំឲ្យស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់នេះ ទូរស័ព្ទទៅក្រុមគ្រួសារនៅប្រទេសថៃ ឲ្យផ្ទេរប្រាក់ជាថ្នូរ នឹងការដោះលែង ។ បន្ទាប់ពីស្ត្រីជនជាតិថៃទាំងពីរនេះ ប្រាប់ក្រុមគ្រួសារ និងផ្ញើ​រូបភាពទៅឲ្យក្រុមគ្រួសារមើល ក្រុមគ្រួសាររងគ្រោះក៏ប្តឹង មកស្ថានទូតថៃប្រចាំ​កម្ពុជា ហើយស្ថានទូតថៃ​ប្តឹងបន្តមកអគ្គស្នងការនគរបាលជាតិ ទើបបំបែកបានសំណុំរឿងនេះ។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានបន្ថែមថា បន្ទាប់ពីទទួលបានការណែនាំពីអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលខេត្តព្រះវិហារ ប្រមាណ៤០នាក់ បានសហការជាមួយកម្លាំងនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃ​ក្នុង បានចុះទៅដល់ទីតាំងខាងលើ និងឡោមព័ទ្ធទីតាំងខាងលើ មួយយប់ទល់ភ្លឺ រហូតទទួលបង្ក្រាបបានជោគជ័យ ដោយឃាត់ខ្លួនជនសង្ស័យ​​៥នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួន និងរំដោះនារីជនជាតិថៃ​បានដោយសុវត្ថិភាព។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងមានថ្នាំញៀនជិត៣គីឡូក្រាម អាវុធAKបត់១ដើម គ្រាប់៣០គ្រាប់ រថយន្ត ម៉ូតូ សម្ភារផ្សេងទៀត និងនារីជនជាតិថៃ ត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post