
កំពតៈ កម្លាំងចម្រុះដឹកនាំដោយលោក ជឹង ផល្លា អភិបាលរងខេត្ត ក្រោយទទួលបទបញ្ជា ផ្ទាល់ពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមនិងអាជ្ញាធរស្រុកដងទង់ ដឹកនាំដោយលោក ស៊ីវ ផេង អភិបាលស្រុក មន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ឃុំល្អាង កាលពីព្រឹកថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៨ បានចុះទៅដល់ទីតាំងជួរភ្នំដង្កូវ ត្រង់ចំណុចដី ដែលលោក សះ វណ្ណា បានធ្វើសកម្មភាពរំលោភដីរដ្ឋ និងឈួសឆាយធ្វើអាជីកម្មខុសច្បាប់។
លោក ជឹង ផល្លា អភិបាលរងខេត្ត និងកម្លាំងចម្រុះ ព្រមទាំងមន្ត្រីជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើ បានត្រួតពិនិត្យ ជាក់ស្តែង នៅលើទីតាំងដីខាងលើ ដែលលោក សះ វណ្ណា បានធ្វើ សកម្មកន្លងមក ដែលមានទីតាំង នៅចំណុចជួរភ្នំដង្កូវ ស្ថិតនៅក្នុង ភូមិល្អាង និងភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ក្នុងការចុះអនុវត្តច្បាប់ នាពេលនោះដែរ លោក ជឹង ផល្លា អភិបាលរងខេត្ត បានមាន ប្រសាសន៍ថា សកម្មភាពកាប់ទន្ទ្រានដីព្រៃភ្នំពីសំណាក់ លោក សះ វណ្ណា នេះ ពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់គម្របព្រៃឈើ និងភ្នំដែលជាសម្បត្តិរបស់រដ្ឋ។
លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពត ក៏បានលើកឡើងថា ការកាប់ទន្ទ្រាន ព្រៃឈើ និងវាទទីយកដីភ្នំពីសំណាក់ លោក សះ វណ្ណា នាពេលកន្លងនេះ ក្នុងនាមលោកជាមន្ត្រីជំនាញ លោកនឹងមានវិធានការតាមផ្លូវច្បាប់ លោកមិនអាចលើកលែងជាដាច់ខាត ពីព្រោះ ទំហំនៃការកាប់បំផ្លាញព្រៃជួរភ្នំដង្កូវនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិ ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរ បានអោយដឹងថា លោក សះ វណ្ណា មានតួនាទី ជាអនុប្រធានទី១ ក្នុងសមាគមក្រៅរដ្ឋាភិបាល ដែលមានឈ្មោះ (សមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធិពលរដ្ឋ នៅកម្ពុជា) ដែលមានលោក ឆាត លី ជាប្រធានសមាគម ហើយសមាគមមួយនេះ បានបង្កើតឡើងក្នុងអំឡុងឆ្នាំ ២០១៥-២០១៦ ដែល មានទីតាំងស្នាក់ នៅក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ប្រជាពលរដ្ឋ ក្នុងភូមិល្អាង និងភូមិដំណាក់អំពិល បានប្រាប់ដល់ក្រុម អ្នកយកព័ត៌មានឲ្យដឹង នៅរសៀលថ្ងៃទី១១ ធ្នូនេះថា តើកម្លាំងចម្រុះរបស់ខេត្ត ចុះមកនេះ ដែលដឹកនាំដោយលោក ជឹង ល្លា អភិបាលរងខេត្ត ក្រោយបានទទួលបទបញ្ជាផ្ទាល់ពីលោក ជាវ តាយ អភិបាលខេត្ត មានប្រសិទ្ធភាពបែបណា បើអង្ករក្លាយជាបាយទៅហើយ។
លោក សះ វណ្ណា បានប្រាប់អ្នកយកព័ត៌មានផងដែរថា ដីដែលលោកមកជីកាយ យកដីអាចម៍ដីលក់នេះ លោកបានទិញពីប្រជាពលរដ្ឋ៕












