header ads

Sponsor

រិទ្ធី

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ជាខួបទី៣៨ឆ្នាំ នៃខួបអាពាហ៍ពិពាហ៍លោក កឹម សុខា និងភរិយា ដែលបច្ចុប្បន្ន ចំណងស្នេហ៍នេះទទួលបានកូនស្រី២នាក់។

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះ បានសរសេរក្នុងហ្វេសប៊ុកថា៖ ថ្ងៃនេះជាខួបទី ៣៨ នៃអាពាហ៍ពិពាហ៍ខ្ញុំ និងភរិយា។ ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមក ភរិយាខ្ញុំបានឆ្លងកាត់នូវឧបសគ្គដោយប្រឈមនឹងការភយ័ខ្លាច ជាច្រើនលើកច្រើនសារ ដោយសារជីវិតនយោបាយខ្ញុំ ជាង២០ឆ្នាំ ហើយ ជាពិសេសគឺរយៈពេលមួយឆ្នាំជាង ចុងក្រោយនេះ។

អតីតប្រធានបក្សរូបនេះបានរំលឹកពីការណ៍ដែលសមត្ថកិច្ចចាប់ខ្លួនលោកថា៖ នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ឈាងចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ គឺជាព្រឹត្តិការណ៍ដ៍រន្ធត់បំផុតសម្រាប់ភរិយាខ្ញុំ នៅពេលដែលគាត់ឃើញគេចាប់ខ្លួនខ្ញុំ នៅចំពោះមុខគាត់ ទាំងកណ្តាលអា្រធាត ដោយមិនដឹងថាគេនឹងបញ្ជូនទៅទីណា ឬធ្វើអ្វីលើរូបខ្ញុំ។

ជាងនេះទៅទៀត លោក កឹម សុខា រៀបរាប់ទៀតថា ក្នុងកំឡុងពេល១ឆ្នាំ និង១សប្តាហ៍ ដែលខ្ញុំបានជាប់ក្នុងមន្ទីឃុំឃាំងត្រពាំងផ្លុងនៅឯជាយដែន ភរិយាខ្ញុំបានធ្វើដំណើរទៅសួរសុខទុក្ខខ្ញុំ ១០២ ដង ដែល ១ ដងៗ មានចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ទៅ និងប្រមាណ២០០គីឡូម៉ែត្រ ត្រឡប់មកវិញ សរុបគាត់បានធ្វើដំណើរ ៤០៨០០ គីឡូម៉ែត្រ។

ជាងមួយឆ្នាំនេះ ភរិយាខ្ញុំរស់នៅដោយព្រាត់ស្វាមី និងកូនៗ។ គាត់ជាជនរងគ្រោះដែលរងផលវិបាកច្រើនជាងគេពីការឃុំខ្លួនរបស់ខ្ញុំ ក៍ប៉ុន្តែ ផលវិបាក និងឧបសគ្គទាំងអស់នេះ គឺកាន់តែធ្វើឱ្យគាត់ក្លាយជាមនុស្សដែលមានស្មារតីរឹងមាំជាងមុនទៅទៀត។ ស្មារតីតស៊ូ និង ស្មារតីស្នេហាជាតិ របស់ភរិយាខ្ញុំនេះហើយ ដែលបានបន្ថែមជំរុញឱ្យខ្ញុំពុះពារទៅមុខទៀត។

លោក កឹម សុខា បានបន្ថែមថា ទោះជាបានឆ្លងកាត់នូវភាពល្វីងជូរចត់ទាំងអស់នេះ ក៍ដោយ មកទល់ថ្ងៃនេះ ភរិយាខ្ញុំនៅតែមានសន្តានចិត្តមិនគុំកួន មិនសងសឹក គាត់នៅតែគាំទ្រឱ្យខ្ញុំបន្តស្មារតី ខ្មែរតែមួយ ដើម្បីបញ្ចប់ និងបញ្ជៀសការឈឺចាប់រវាងខ្មែរនិងខ្មែរ។ ខ្ញុំចាត់ទុកថា ខ្ញុំពិតជាមានសំណាងណាស់ដែលមាន ស្ត្រីម្នាក់នេះជាភរិយា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post