header ads

Sponsor

ភ្នំពេញៈ ខណៈដែលវិមានឈ្នះ-ឈ្នះ នឹងសម្ពោធនៅថ្ងៃស្អែក ទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សំណង់វិមាននេះ ធ្វើឡើងដើម្បីបង្ហាញពីការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ និងសាមគ្គីភាព។
យោងតាមបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា អបអរសាទរចំពោះសមិទ្ធផលប្រវត្តិសាស្រ្តវិមានឈ្នះ-ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរ នៅលើទឹកដីសុវណ្ណភូមិ។
សម្តេច បញ្ជាក់ថា “វិមានឈ្នះ-ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាព នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល”។
សម្តេចតេជោ បន្ថែមថា វិមានឈ្នះ-ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជា បានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះ កម្ពុជា កំពុងដឹកនាំអនាគតវាសនាប្រទេសជាតិ ឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។
សូមជម្រាបថា វិមានឈ្នះ-ឈ្មះ នឹងដាក់បង្ហាញស្នាដៃ នៃតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមការតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត ពីដើមមករហូតដល់បច្ចុប្បន្ន។ ស្នាដៃជាប្រវត្តិសាស្ត្រទាំងនោះ ក៏ឆ្លាក់រំលេចនូវលើជាប់ជញ្ជាំងវិមានផងដែរ។
ជាងនេះទៀត វិមានក៏នឹងកម្កល់នូវសៀវភៅដែលសរសេររៀបរាប់ពីការកសាងវិមានឈ្នះ-ឈ្នះ ដើម្បីទុកឲ្យភ្ញៀវជាតិ និងអន្តរជាតិ អាននៅពេលចូលទស្សនាវិមានផងដែរ។
សម្តេចតេជោ ក៏បានអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលរួមសម្ពោធវិមានឈ្នះ-ឈ្នះ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (រយៈពេល៣ថ្ងៃ) នៅមហាវិថីឈ្នះ-ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោ នៅតំបន់អភិវឌ្ឍន៍ លីយ៉ុងផាត់។
សំណង់វិមានឈ្នះ-ឈ្នះ ត្រូវបានគណបក្សកាន់អំណាច ចាត់ទុកជាកេរ្តិ៍ដំណែលរបស់គណបក្សប្រជាជនកម្ពុជា ទុកឲ្យមនុស្សជំនាន់ក្រោយបានដឹងពីស្នាដៃដឹកនាំ កសាងមាតុភូមិរបស់សម្តេចតេជោ ហ៊ុន សែន ពីបាតដៃទទេ។
យោងតាមរបាយការណ៏របស់គណៈកម្មការរៀបចំពិធីសម្ពោធវិមានឈ្នះ-ឈ្នះ បានឲ្យដឹងថា ពិធីសម្ពោធវិមានឈ្នះ-ឈ្នះនេះ មានការរៀបចំក្បួនជាផែនឈររបស់យោធា ចំនួន៥៤ផែន មានកម្លាំងកងទ័ព ចំនួន៦.៩៨២នាក់ ផែនមន្ត្រីរាជការ និស្សិត ការឬទ្ធិ យុវជនកាកបាទក្រហម និងមហាជន ជាង៥០០នាក់ ដែលផែនទ័ពត្រូវឈរទាំងអស់ រីឯមហាជន គឺអង្គុយកៅអី។
សម្រាប់ពិធីសម្ពោធរយៈពេល៣ថ្ងៃនោះ មានអុជកាំជ្រួចបែបថ្មី 3D រយៈពេល៣ថ្ងៃ សរុបចំនួន២ម៉ោង និង១៥នាទី គឺនៅថ្ងៃទី២៩ បាញ់នៅវេលាម៉ោង៧ មានរយៈពេល៤៥នាទី នៅថ្ងៃទី៣០ បាញ់នៅវេលាម៉ោង៧ មានរយៈពេល៣០នាទី និងថ្ងៃទី៣១ ដែលជាថ្ងៃឆ្លងឆ្នាំផងនោះ ត្រូវអុជកាំជ្រួចនៅវេលាម៉ោង១២យប់ មានរយៈពេល១ម៉ោងតែម្តង។
វិមានឈ្នះ-ឈ្នះ ជាសំណង់និមិត្តរូបតំណាងឲ្យវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានហ៊ានលះបង់ជីវិតគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិទាំងមូល។
សំណង់វិមានឈ្នះ-ឈ្នះ ត្រូវបានសាងសង់ឡើង ដោយបញ្ជាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួន៣ ដោយទី១- កំពូលវិមាន ដែលមានជ្រុង៣ តំណាងឲ្យនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹងនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន, ទី២- គឺតួវិមាន មានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រ ឌីហ្វីតដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងទី៣- តួវិមាន មានជ្រុង៧ តំណាងកត្តានាំឲ្យនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ។


សំណង់នេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានកម្ពស់ប្រមាណ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ និងលំហរផ្ទៃក្រឡានៅបាតខាងក្រោម នៃតួវិមាន៧ពាន់ម៉ែត្រការ៉េ នៅលើផ្ទៃដីទំហំ៨ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕
ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post