ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ឯកឧត្តម ជា សុផារ៉ា ប្រមូលចំណូលចូលជាតិបានជាង ៣៩០ ៤៧៦លានរៀល ស្មើប្រមាណ៩៧លានដុល្លារអាមេរិក គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍ ដែលបានផ្សព្វផ្សាយ ក្នុងសន្និបាតរបស់ក្រសួង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។
សូមបញ្ជាក់ថា ចំណូលទាំងនោះរួមមាន៖ ចំណូលពីសេវាកម្មសុរិយោដីជាង១១លានដុល្លារ ចំណូលពីសេវាសំណង់ជាង៤លានដុល្លារ ចំណូលពីការជួលទីតាំងរោងចក្រ សហគ្រាសជិត៧ម៉ឺនដុល្លារ និងចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យជាង៨១លានដុល្លារ។
សូមបញ្ជាក់ថាក្រក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។