ភ្នំពេញៈ បុរសវ័យ៥០ឆ្នាំ មានជំងឺសរសៃប្រសាទប្រចាំកាយម្នាក់ ដែលជាអ្នករុញរទេះលក់លៀសហាលបានស្លាប់ចោលប្រពន្ធកូនយ៉ាងអណោចអធ័ម បន្ទាប់ពីមកជួយធ្វើស្រែម្តាយក្មេកនៅឯស្រុក ហើយមានអាការៈមិនសូវស្រួលខ្លួន រួចបានផឹកភេសជ្ជៈខារ៉ាបាវអស់មួយកំប៉ុង ស្រាប់តែដាច់ខ្យល់ស្លាប់តែម្ដង។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២កណ្តាលអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ១៨៣ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពបុរសរងគ្រោះឈ្មោះ កៃ ប៉ាន់ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកលក់លៀសហាល ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិ ក្រាំងល្វា ឃុំតាម៉ងជ្រុំ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ប្រពន្ធឈ្មោះ ហ៊ុន ជេស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកលក់លៀសហាល ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិពិល ឃុំមានជ័យ ស្រុករំដួល ខេត្តស្វាយរៀង មានកូន៥នាក់ ស្លាប់៤នាក់ នៅសល់កូនស្រីម្នាក់ឈ្មោះ ប៉ាន់ កញ្ញា អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៤។
បើតាមស្ត្រីជាប្រពន្ធបានរៀបប្រាប់ថា កាលពី២ទៅ៣ថ្ងៃ មុនពេលកើតហេតុ ប្តីរបស់គាត់បានទៅជួយធ្វើស្រែម្តាយក្មេកនៅខេត្តស្វាយរៀង រហូតដល់ថ្ងៃកើតហេតុ ប្តីរបស់គាត់ ក៏បានទាក់ទងមកប្រាប់ថា "មិនសូវខ្លួន ដេកអត់លក់ពីរបីយប់ហើយ មកយកគាត់ត្រឡប់ទៅវិញផង" ហើយគាត់ (ប្រពន្ធ)ក៏បានជិះរថយន្តឈ្នួលទៅយកប្តីវិលត្រឡប់មកវិញ ដើម្បីទៅពេទ្យ។ លុះដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែល ប្តីគាត់ចេះតែមានអាការៈហត់អស់កម្លាំងញ័រដៃញ័រជើង បន្ទាប់មកគាត់(ប្រពន្ធ) ក៏បានដាំបបរសឲ្យប្តីហូប។ ពេលហូបរួចហើយ គាត់ក៏ដេញប្តីឲ្យទៅសម្ងំដេក តែប្តីមិនព្រមទៅនោះទេ ដោយប្រាប់ថា ចង់នៅអង្គុយលេងសិន។ រហូតដល់វេលាម៉ោង៩យប់ថ្ងៃកើតហេតុ ដោយអស់កម្លាំងពេក ប្តីគាត់ក៏ទារហូបភេសជ្ជៈខារ៉ាបាវ ក្រែងអាចមានកម្លាំងបន្តិច។
ប្រពន្ធជនរងគ្រោះ បន្តថា បន្ទាប់មកគាត់(ប្រពន្ធ)ក៏ទៅទិញភេសជ្ជៈខារ៉ាបាវមួយកំប៉ុងឲ្យប្តីរបស់គាត់ហូប ហើយមួយសន្ទុះក្រោយមក ប្ដីគាត់ក៏បានទារហូបភេសជ្ជៈខារ៉ាបាវ មួយកំប៉ុងទៀត ដោយនិយាយថា"មុននិងស្លាប់ផឹកឲ្យឆ្អែត ព្រោះគេមកយកគាត់ហើយ គាត់មិននៅទេ"។ ប៉ុន្តែពេលនោះប្រពន្ធមិនព្រមអោយហូបនោះទេ ព្រោះដឹងថា ប្ដីមានសភាពខ្សោយខ្លាំងពេកខ្លាចមានបញ្ហា រួចមកគាត់ក៏ដេញប្តីអោយទៅសម្ងំដេក តែប្តីនៅតែនិយាយភ្លែកៗខុសពីធម្មតា មួយសន្ទុះក្រោយមកប្តីគាត់ ក៏ព្រមចូលទៅសម្ងំដេកនៅក្នុងផ្ទះបាត់។
ប្រពន្ធជនរងគ្រោះ បានបន្តទៀតថា លុះដល់វេលាកើតហេតុ គាត់ក៏បានចូលទៅមើលប្តី ដែលដេកនៅខាងក្នុងផ្ទះ ខណៈចូលទៅដល់ ស្រាប់តែឃើញប្ដីបាត់មាត់បាត់ក ត្រជាក់ដៃត្រជាក់ជើង។ ភ្លាមៗនោះគាត់ក៏ស្រែកឆោឡោឲ្យគេឯងជួយ ហើយក៏មានប្រជាពលរដ្ឋមកជួយលើក និងបានជួយហៅម៉ូតូកង់បីមកដឹកប្ដីរបស់គាត់ទៅមន្ទីរពេទ្យ ជាអកុសលប្តីគាត់ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ស្ត្រីជាប្រពន្ធបានបញ្ជាក់ប្រាប់ថា ប្តីរបស់គាត់ គឺមានជំងឺសរសៃប្រសាទ និងជំងឺខ្វះជាតិស្ករប្រចាំកាយជាយូរឆ្នាំណាស់មកហើយ ហើយគាត់តែងតែទៅបើកថ្នាំលេបនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតជារៀងរាល់ខែ។ ហើយកន្លែងដែលពួកគាត់រស់នៅខាងលើ គឺដោយម្ចាស់ផ្ទះមានចិត្តអាណិតបានព្រមអោយស្នាក់នៅ ដោយមិនយកលុយនោះទេ។
ក្រោយលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកត្រួតពិនិត្យដល់កន្លែងកើតហេតុ ហើយដោយមិនមានការប្តឹងផ្តល់សមត្ថកិច្ចក៏ធ្វើលិខិតស្នាមប្រគល់សពបុរសរងគ្រោះទៅអោយក្រុមគ្រួសារដឹងយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តកំពង់ឆ្នាំ៕