
ភ្នំពេញៈ នារីរូបស្រស់ម្នាក់ បានបើកបររថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងស្ថានភាពស្រវឹង និងក្នុងល្បឿនលឿន បួងចង្កូតបត់ឆ្វេងមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង និងបុកទ្វារផ្ទះរបស់ប្រជាពលរដ្ឋពេញទំហឹង បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើយ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងសាលាលីមកុកវីងប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវ១០១៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់ម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក LEXUS GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AW-9904 ក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ១០១៣ ក្នុងទិសដៅពីលិចទៅកើតនិងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវបំបែកជាបួន រថយន្តបង្កខាងលើ ក៏បានបួងចង្កូតបត់ឆ្វេងបំណងឆ្ពោះទៅ១៩៨៦ ដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CU-3062 ដែលឈប់ចតចោលនៅលើខឿនតាមចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុ បណ្តាឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តនៅមិនទាន់អស់ល្បឿន បន្តជ្រុលទៅបុកថូផ្កាបួនទៅប្រាំថូ រួមទាំងទ្វារបន្ទប់ជួលមួយផ្ទាំង រងការខូចខាតវៀចក្រពឹត។ ចំណែកឯរថយន្តរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច ដោយឡែកអ្នកបើកបររថយន្តបង្ក បានរងរបួសបាក់ដៃខាងឆ្វេង ហើយភ្លាមៗនោះ ក៏ត្រូវបានប្រជាពលរដ្ឋ ជួយដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕













