header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានឡើងថា សហភាពអឺរ៉ុប កំពុងរៀបចំផ្តល់ជំនួយ នូវថវិកា១១៥លានអឺរ៉ូ ដល់កម្ពុជា ដើម្បីអនុវត្តន៍នូវកម្មវិធីចំនួន៣។

ការលើកឡើងរបស់លោក ច្សច អេដហ្គា បែបនេះបានធ្វើឡើងកិច្ចពិភាក្សា អំពីកម្មវិធីកិច្ចសហប្រតិបត្តិការ កម្ពុជា-សហភាពអឺរ៉ុប ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា លោក ច្សច អេដហ្គា បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ នៃការអនុវត្តគម្រោងនានា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលជាមួយសហភាពអឺរ៉ុប។ ក្នុងស្មារតីបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ, សហភាពអឺរ៉ុបកំពុងរៀបចំ ផ្តល់ហិរញ្ញប្បទានឥតសំណង សរុបចំនួន១១៥ លានអឺរ៉ូ សម្រាប់កម្មវិធីចំនួន៣រួមមាន៖ ១,កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន២២លានអឺរ៉ូបន្ថែម ; ២, កម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ចំនួន៨៧លានអឺរ៉ូនឹងទី៣,កម្មវិធី សម្ព័ន្ធភាព ប្រែប្រួល អាកាសធាតុកម្ពុជា ដំណាក់កាលទី ៣ ចំនួន៦លានអឺរ៉ូទៀត។

ជាការឆ្លើយតបលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ច្សច អេដហ្គា និងសហការី និងវាយតម្លៃខ្ពស់ចំពោះការ គាំទ្រផែ្នកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើររវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា។

លោកក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញការគាំទ្រជាគោលការណ៍ចំពោះសំណើកម្មវិធីទាំង៣ នេះ ព្រមទាំងបានសន្យាជួយសម្របសម្រួល និងសហការរៀបចំជាមួយ ក្រសួង ជំនាញពាក់ព័ន្ធដើម្បីឈានទៅចុះហត្ថលេខាកិច្ចព្រមព្រៀង ឲ្យទាន់ដើមឆ្នាំ២០១៩នេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post