header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ មានការបង្ហោះចែកចាយកាន់តែតែគគ្រឹកគគ្រេង នូវពិទិដ្ឋភាពខាងលើ និងខាងក្នុងរបស់វត្តមួយនៅខេត្តបន្ទាយមានជ័យ ដែលត្រូវគេស្គាល់ថា ជាវត្តដែលមានផ្ទៃដីធំល្វឹងល្វើយ ហើយត្រូវបានរៀបចំជាទីអារ៉ាមបែបពុទ្ធមណ្ឌល បម្រើឲ្យវិស័យសាសនា ដែលសូម្បីតែអ្នកទស្សនាទេសចរណ៍ ក៏ផ្អើល និងលាន់មាត់សរសើរ។ ស្ទើរតែគ្រប់សមិទ្ធផល និងការរៀបចំនៅក្នុងវត្តនេះ ចង់ឡូយជាងរមណីយដ្ឋានកម្សាន្តខ្លះផង អ៊ីចឹងហើយទើបគា្រន់តែមានការបង្ហោះឲ្យឃើញពីទិដ្ឋភាពធ្វើបុណ្យទានរបស់ពុទ្ធបរិស័ទ និងការរៀបចំក្នុងទីអារ៉ាមរបស់ ចៅអធិការវត្តព្រះតេជគុណ ចាន់ សុជន ក្នុងប៉ុន្មានថ្ងៃចុងក្រោយ គឺធ្វើឲ្យព័ត៌មានក្លាយជាទីចាប់អារម្មណ៍។

យោងតាមការបង្ហោះ និងការបញ្ជាក់របស់ព្រះតេជគុណ ធម្មាលង្ការោ ចាន់ សុជន មានសង្ឃដីកាថា ទីវត្តដែលព្រះអង្គរមែងបង្ហោះឲ្យឃើញពីទិដ្ឋភាពស្អាតៗ និងសមិទ្ធផលល្អៗ បម្រើឲ្យវិស័យព្រះពុទ្ធសាសនា គឺជាវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅប៉ែកខាងជើងផ្លូវជាតិលេខ៦ (ដោយចូលតាមផ្លូវគ្រួសចម្ងាយប្រមាណជា៧គីឡូម៉ែត្រ)។ ទីអារ៉ាមនេះ មានផ្ទៃដីសរុបជាង៧ហិកតា ដោយក្នុងផ្ទៃទាំងមូល ត្រូវបានរៀបចំកសាងជាសមិទ្ធផលបម្រើឲ្យព្រះពុទ្ធសាសនាដូចគ្នានឹងពុទ្ធមណ្ឌលធំៗផងដែរ ប៉ុន្តែនឹងធ្វើឲ្យល្អជាង ឲ្យស្អាត ដើម្បីជាប្រយោជន៍សម្រាប់ពុទ្ធបរិស័ទនៅទូទាំងប្រទេស និងអ្នកទេសចរណ៍។

ព្រះតេជគុណបញ្ជាក់ថា សមិទ្ធផលនៅក្នុងទីអារ៉ាមសុទ្ធ តែបានជំនួយពីសប្បុរសជនក្នុង និងក្រៅស្រុកគ្រប់ទិសទី ដោយក្នុងនោះ នៅលើផ្ទៃដីទាំង៧៥០០០ម៉ែត្រការ៉េរបស់វត្ត នឹងស្ថាបនាជាទម្រង់ប្រវត្តិព្រះពុទ្ធ និងជាសមិទ្ធផលសំខាន់ៗផ្សេងៗ ដើម្បីឲ្យទីអារ៉ាមមួយនេះ ក្លាយជាសារមន្ទីរបង្ហាញទម្រង់ក្នុងជំនឿព្រះពុទ្ធធំមួយ និងដើម្បីឲ្យអ្នកចង់បួសរៀន និងចង់បានភាពស្ងប់ស្ងាត់ក្នុងផ្លូវចិត្ត មានកន្លែងមកតាំងសមាធិ និងសន្សំសុខផ្លូវចិត្តផង។ ព្រះអង្គកំពុងដឹកនាំកាងសមិទ្ធផលធំៗជាច្រើនផ្សេងទៀតក្នុងវត្ត ដោយក្នុងពេលនេះ ព្រះអង្គនឹងកសាងពុទ្ធបដិមាមួយអង្គកម្ពស់៨០ម៉ែត្រ ដើម្បីឲ្យប្រទេសកម្ពុជាមានព្រះពុទ្ធបដិមាធំ និងខ្ពស់ជាងមួយអង្គទុកជានិមិត្តរូប នៃព្រះពុទ្ធសាសនា។

គួរបញ្ជាក់ផងដែរថា វត្តប្រាសាទស្រះកណ្ដាលខ្ចាស់ បានបង្កើតឡើងកាលពីអំឡុងឆ្នាំ១៩៣៨ តែត្រូវបំផ្លាញក្នុងសម័យ ប៉ុល ពត ហើយបានរៀបចំជាវត្តពេញលេញឡើងវិញ កាលពីឆ្នាំ២០១០ និងចាប់ផ្ដើមកសាងជារមណីយដ្ឋានបម្រើឲ្យព្រះពុទ្ធសាសនា កាលពីអំឡុងឆ្នាំ២០១៣។ មកទល់ពេលនេះ ក្នុងវត្តទាំងមូលមានព្រះសង្ឃគង់នៅសរុបចំនួន១៧៣អង្គ ដោយកំពុងក្លាយជាទីអារ៉ាមដែលមានការចាប់អារម្មណ៍ពីការរៀបចំគួរឲ្យកត់សម្គាល់ ព្រោះតែទិដ្ឋភាពទាក់ទាញរបស់វត្តនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post