ភ្នំពេញៈ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នារសៀលថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៨នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបញ្ជូនប្រធានសហជីពកម្មករសំណង់ ដែលមានមូលដ្ឋាននៅប្រទេសថៃ ជាប់ពាក់ព័ន្ធនិងសំណុំរឿងផលិតខ្សែវីដេអូររឿង “ម្ដាយខ្ញុំលក់ខ្ញុំ” មកតុលាការហើយ ដើម្បីសាកសួរនិងសម្រេចតាមច្បាប់ ។ ជនជាប់សង្ស័យក្នុងរឿងក្ដីនេះ ឈ្មោះ រ៉ាត់ រត្នមុនី។
កាលពីសប្ដាហ៍មុន អ្នកស្រី ឡុង គីមហ៊ាង ដែលត្រូវជាភរិយាលោក រ៉ាត់ រត្នមុនី បានប្រាប់អ្នកកាសែតថា ស្វាមីរបស់អ្នស្រីឈ្មោះ រ៉ាត់ រត្នមុនី ដែលជាប្រធានសហជីពកម្មករសំណង់ និងភ្នាក់ងារសារព័ត៌មានរុស្ស៊ីធូដេ (RT) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៨ ហើយនឹងបញ្ជូនមកឲ្យរដ្ឋាភិបាលកម្ពុជាវិញ តាមការស្នើសុំ។
អ្នកស្រី ឡុង គឹមហ៊ាង ក៏បានអះអាងថា ការចាប់ខ្លួនស្វាមីគាត់នេះ គឺពាក់ព័ន្ធការផលិតវីឌីអូឯកសារមួយមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» របស់សារព័ត៌មានរុស្ស៊ីធូដេ (RT)។
វីដេអូ «ម្តាយខ្ញុំលក់ខ្ញុំ» និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯង ដោយសារតែជីវភាពខ្វះខាត និង រៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា បានធ្វើឲ្យរាជរដ្ឋាភិបាលខឹងសម្បារ ព្រោះថាជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
សមត្ថកិច្ចកម្ពុជា បានបកស្រាយថា វីឌីអូនោះ គឺជាការប្រឌិតឡើង ដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា៕