
ភ្នំពេញៈ បុរសម្នាក់ជាព្រូរថយន្ត បានគៀបជាប់ក្នុងកាប៊ីនរថយន្ត រងរបួសធ្ងន់ ក្រោយពីរថយន្តបែនដឹកដី បើកវ៉ាជែងក្នុងល្បឿនលឿន ហើយជ្រុលទៅបុករថយន្តកូរ៉េពីក្រោយពេញទំហឹង ហើយក្រឡាប់ធ្លាក់ចូលប្រឡាយ។
គ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឆ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបេតុងទំនប់កប់ស្រូវ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ថា ដំបូងឡើយគេឃើញរថយន្តកូរ៉េដឹកទឹកសុទ្ធ ពាក់ស្លាកលេខភ្នំពេញ 2-2843 បានបើកមកចតទុកចោលអែបចិញ្ចើមផ្លូវក្បែរកន្លែងកើតហេតុខាងលើ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដីធុនធំ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-0085 បើកដោយបុរសម្នាក់ បានបើកវ៉ាជែងរថយន្តប៉ែនដឹកដី(មិនចាំស្លាកលេខ) មួយគ្រឿងទៀត ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកចំពីក្រោយរថយន្តកូរ៉េដឹកទឹកសុទ្ធនោះពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿង រអិលធ្លាក់ចូលប្រឡាយ និងបណ្ដាលបុរសម្នាក់ជាព្រូរថយន្តគៀបជាប់ក្នុងកាប៊ីនរថយន្ត រងរបួសធ្ងន់ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយលើកចេញមកក្រៅ រួចបញ្ជូនទៅមន្ទីរពេទ្យ។ បន្ទាប់មកភាគីម្ចាស់រថយន្តដឹកដី បានគេចខ្លួនបាត់ពីកន្លែងកើតហេតុអស់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះមកពិនិត្យមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកវាស់វែង រួចស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕