សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយលោក ង៉ូ ស៊ុនលិច្ស (Ngo Xuanlich) រដ្ឋមន្រ្តីការពារប្រទេសវៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។
លោក Ngo Xuanlich បានគោរពជម្រាបជូនសម្ដេចតេជោពីជំនួប និងកិច្ចព្រមព្រៀងជាមួយសម្ដេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលជំនួបនោះភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលទទួលបានពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការឆ្នាំ២០១៩ ដែលរួមមានកិច្ចការពង្រឹងសមត្ថភាពកងទ័ព និងកងទ័ពកិច្ចសហប្រតិបត្តិការក្នុងការសង្គ្រោះនៅពេលមានគ្រោះមហន្តរាយដោយបញ្ហាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម រួមជាមួយនឹងកិច្ចសហប្រតិបត្តិការផ្សេងទៀត។
រដ្ឋមន្រ្តីការពារប្រទេសវៀតណាមរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងថាប្រទេសវៀតណាម បានសម្រេចផ្តល់ថវិកាចំនួន១០លានដុល្លារ ដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិរបស់កម្ពុជា។
ការឆ្លើយតប សម្តេចតេជោសំដែងនូវការអបអរសាទរចំពោះកិច្ចពិភាក្សា និងការចុះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ កម្ពុជា-វៀតណាមហើយក៏បានលើកទឹកចិត្តឲ្យស្ថាប័នទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតហើយក៏បានផ្តល់អនុសាសន៍ដល់លោក Ngo Xuanlich ផងដែរថាពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ។ ម្យ៉ាងទៀត សម្តេចតេជោ ក៏ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានជួយផ្តល់ថវិកាដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិ កម្ពុជា។