
ភ្នំពេញៈ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើង ដោយជនជាតិចិន២នាក់ ស្រវឹងស្រា បើករថយន្ត TACOMA មួយគ្រឿង បោះពួយល្បឿនលឿន មកដល់ផ្លូវបែកជាបួន បើកបត់ឆ្វេងដើម្បីឆ្លងផ្លូវ តែខ្វះការប្រុងប្រយត្ន័ បានចូលទៅគន្លងចរាចរណ៍ម្ខាងទៀត ទើបត្រូវរថយន្ត THUNDRA ដែលបើកបត់ស្ដាំចេញមកពន្លះគ្នាពន្លះគ្នាលាន់ដូចរន្ទះ ខ្ទេចទាំង២គ្រឿងកណ្ដាលផ្លូវតែម្ដង ស្របពេលដែលនារីម្នាក់កំពុងបើករថយន្ត Prius មកពីក្រោយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកបន្តរថយន្ត TACOMA ចំខាងស្ដាំចំហៀងក្រោយ បណ្ដាលឲ្យរថយន្ត Prius អូសខ្ទេចអស់មួយចំហៀងខាងឆ្វេងយ៉ាងដំណំតែម្ដង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០:៥០នាទីយប់ ថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើមហាវិថីសម្ដេចតេជោ (ផ្លូវ៦០ម៉ែត្រ) កែងផ្លូវ៣០ម៉ែត្រ ទល់មុខក្រុមហ៊ុនលក់រថយន្ត Mercedes ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ភាគីរថយន្តម្ចាស់រថយន្តទាំងបីគ្រឿងមិនបាន ប្រាប់ឲ្យអ្នកយកព័ត៌មានបានដឹងពីអត្ថសញ្ញាណនោះទេ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យភ្នាក់ងារខេមប៉ុស្តិ៍ ដឹងថា នៅមុនកើតហេតុ គេឃើញបុរសជនជាតិចិន២នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តបង្កម៉ាក TOYOTA TACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-4421 ធ្វើដំណើរតាមបណ្តោយមហាវិថីសម្ដេចតេជោ(ផ្លូវ៦០ម៉ែត្រ) ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតខាងលើ ដែលជាផ្លូវបែកជាបួន បានបត់ឆ្វេងដើម្បីឆ្លងផ្លូវ តែខ្វះការប្រុងប្រយត្ន័ បានចូលទៅគន្លងចរាចរណ៍ចំណែកផ្លូវម្ខាងទៀត ទើបត្រូវរថយន្តមួយគ្រឿង ម៉ាក THUNDRA ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AO-5756 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីកើតទៅលិច ដោយបត់ស្ដាំចេញមកក្នុងល្បឿនលឿនគួរសមដែរ ទើបធ្វើឲ្យរថយន្តទាំងពីរគ្រឿងពន្លះគ្នាពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលរថយន្តរងការខូចខាតខ្ទេចទាំង២គ្រឿងនៅពាក់កណ្ដាលផ្លូវតែម្ដង ស្របពេលដែលនារីម្នាក់កំពុងបើករថយន្ត Prius ពាក់ស្លាកលេខភ្នំពេញ 2T-3763 ធ្វើដំណើរតាមបណ្តោយមហាវិថីសម្ដេចតេជោទិសដៅពីជើងមកត្បូងមកពីក្រោយ បានវ៉ាក់អឺជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកបន្តពីក្រោយរថយន្ត TACOMA ចំខាងស្ដាំចំហៀងក្រោយ បណ្ដាលឲ្យរថយន្ត Prius អូសខ្ទេចអស់មួយចំហៀងខាងឆ្វេងយ៉ាងដំណំតែម្ដង ។
ប្រភពខាងលើបន្តទៀតថា ភ្លាមៗនោះគេឃើញ បុរសជនជាតិចិនម្នាក់ជាអ្នកជិះលើរថយន្តជាមួយគ្នានៅរង់ចាំកន្លែងកើតហេតុ រួចទាក់ទងទៅអ្នកបកប្រែឲ្យមកជួយដោះស្រាយ ខណៈដែលបុរសជនជាតិចិនម្នាក់ទៀត ដែលផឹកស្រាស្រវឹងទន់ហើយ បានមកបើកបររថយន្តបង្កគ្រោះថ្នាក់ដល់អ្នកផ្សេង និងថែមទាំងមានរបួសក្បាលនិងជើងទៀតនោះ ត្រូវបានជនជាតិចិនប៉ុន្មាននាក់ផ្សេងទៀត បើករថយន្តមិនចាំម៉ាកមួយគ្រឿងទៀត មកដល់កន្លែងកើតហេតុ រួចនាំឡើងជិះរថយន្តទាំងដើរឡើងត្រេតពេញផ្លូវ ចូលក្នុងរថយន្តបើកចេញបាត់ពីកន្លែងកើតហេតុ មុនសមត្ថកិច្ចមកដល់ ។
ក្រោយពេលកើតហេតុកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកដល់កន្លែងកើត រួចទាក់ទងប្រាប់ចរាចរណ៍ខណ្ឌ ចុះមកពិនិត្យមើលបន្តមួយជំហ៊ានសិន ទើបរាយការណ៍ប្រាប់ទៅកាន់សមត្ថកិច្ចជំនាញមកកន្លែងកើតហេតុ ។
តែមុនជំនាញចុះមកវាស់វែង ភាគីទាំងបីគ្រឿង និងមានអ្នកបកប្រែតំណាងជនជាតិចិនម្នាក់ មកសុំសមត្ថកិច្ចដោះស្រាយមួយជំហានសិន ដោយភាគីខាងរថយន្ត Pirus មិនចង់ចំណាយពេលរង់ចាំដោះស្រាយវែងឆ្ងាយបន្តទៀត មិនទាមទារសំណង់អ្វីទេ គ្រាន់តែសុំយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លនឯងប៉ុណ្ណោះ ហើយអ្នកបកប្រែតំណាងជនជាតិចិនម្ចាស់រថយន្ត TACOMA សុំសម្របសម្រួលឲ្យភាគីរថយន្ត THUNDRA យករថយន្តជួសជុលដោយខ្លួនដែរ តែភាគីរថយន្ត THUNDRA មិនយល់ព្រម ដោយទាមទារត្រឹមតែចេញថ្លៃជួសជុលរថយន្តប៉ុណ្ណោះ ព្រោះក៏មិនចង់វែងឆ្ងាយដែរ តែអ្នកបកប្រែតំណាងជនជាតិចិននោះ មិនយល់ព្រមទេ ទើបប្រគល់ឲ្យសមត្ថកិច្ចវាស់វែងរថយន្តទាំង២គ្រឿង ដោយអនុញាតិឲ្យម្ចាស់រថយន្ត Pirus យករថយន្តជួសជុលដោយខ្លួនឯង រួចក៏បើកចេញបាត់ទៅ ចំណែកឯរថយន្តដែលសមត្ថកិច្ចវាសវែងរួចរាល់នោះ ត្រូវបានរថយន្តមកស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញធ្វើការទាក់ទងហៅភាគីទាំងសងខាងមកដោះស្រាយគ្នាពេលក្រោយ៕










