
កណ្តាល៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រាសាទបក្សីចាំក្រុងរបស់វត្តកែវមណីជោតិ ហៅវត្តរកាកោងក្រៅ ដែលស្ថិតនៅភូមិរការកោង ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានបាក់ធ្លាក់ចុះទៅក្នុងទឹកទន្លេ ដោយសារតែការបាក់ច្រាំងទន្លេ ហើយដងទង់ជាតិដ៏ខ្ពស់មួយដើមទៀត កំពុងតែប្រឈមការបាក់ធ្លាក់ចូលទន្លេ ដូចគ្នា ប៉ុន្តែសំណាងល្អមិនមានប្រជាពលរដ្ឋ ណាម្នាក់រងគ្រោះ ដោយសារការបាក់ច្រាំទន្លេនេះនោះទេ។
បើតាមប្រជាជននៅទីនោះប្រាប់ថានៅទីនេះ មានការបាក់ច្រាំង ហើយបានបាក់ខ្លោងទ្វារនៅមុខព្រះវិហារ និងមានការបាក់ធ្លាក់ផ្ទះប្រជាពលរដ្ឋ អស់មួយខ្នង ហើយមកដល់នៅព្រឹកនេះក៏បានបន្ត បាក់ចូលមកជិតដល់ក្លោងទ្វារវត្តកែវមណីជោតិ ហៅវត្តរកាកោងក្រៅ ដែលបានធ្វើឱ្យប្រាសាទបក្សីចាំក្រុង នៅខាងមុខក្លោងទ្វារវត្ត បានបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេ។ ជាមួយគ្នានេះ គ្រឹះនៃបង្គោលដងទង់ជាតិដ៏ខ្ពស់នៅក្បែរនោះ មានកម្ពស់រហូតដល់៥៣ម៉ែត្រ បានហើបប៉ើងអាចនឹងរលំធ្លាក់ចូលទៅក្នុងទឹកទន្លេទៀត។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានបន្តថា ពួកគាត់កំពុងតែមានការព្រួយបារម្មណ៍ខ្លាំងណាស់ ចំពោះផ្ទះរបស់ពួកគាត់ដែលនៅក្បែរៗនោះមិនដឹងថា យប់នេះអាចនឹងបាក់ធ្លាក់ដល់ចំណុចណាទៀតនោះទេ បើគ្រាន់តែមួយយប់ បានបាក់អស់យ៉ាងច្រើនដូចនេះ ហើយផ្ទះរបស់ពលរដ្ឋមួយចំនួន ដែលនៅក្បែរនោះបានចាប់ផ្តើមរើរបស់របរជាបន្តបន្ទាប់ហើយ។




