header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យ បានអះអាងថា អតីតបក្សប្រឆាំងបែកបាក់ផ្ទៃក្នុងដោយខ្លួនឯង តែដើរចោទប្រកាន់គេបំបែក។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៧ ធ្នូ នេះថា ផ្ទៃក្នុងខ្លួនឯងមិនចុះសម្រុងគ្នា កុំបន្ទោសថា មកពីអ្នកដទៃបំបែកបំបាក់។ អតីតបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងដោយបង្ខំរវាងសារធាតុពីរ ដែលមិនស៊ីគ្នាតាំងពីដើមមក ប្រៀបបានដូចទឹក​ និងប្រេង ទោះបីដាក់ក្នុងដបតែមួយក្រឡុកឲ្យចូលគ្នា ក៏មិនអាចរលាយចូលគ្នាបានដែរ។ ដូច្នេះ​ហើយ បានជាតាំងពីកើតមកនាឆ្នាំ២០១២ សមាសធាតុទាំងពីរ នៅតែមានទំនាស់គ្នា ខ្វែងគំនិតគ្នាជាប់ជានិច្ច ទោះបីចៅហ្វាយធំនៅឯលិចមេឃខិតខំចាប់បញ្ចូលគ្នាយ៉ាងណាក្តី។

លោកបញ្ជាក់ថា «បញ្ហាសំខាន់ ការបែកបាក់មិនមែនបណ្តាលមកពីកត្តាខាងក្រៅទេ តែបណ្តាលមកពីកត្តាផ្ទៃក្នុងយ៉ាងច្បាស់ ជាក់ស្តែង គឺជនដែលអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យជនស្នេហាជាតិក្លែងក្លាយនោះហើយ គឺជាអ្នកប្រើឧបាយកលដណ្តើមឥទ្ធិពលលើម្ខាងទៀតនោះហើយជាអ្នកបំបែកបំបាក់។  បើផ្ទៃក្នុងជាអ្នកបំបែក មិនអាចរកវិធីណាមកទប់ទល់មិនឲ្យបែកបានទេ»

ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ក៏បានលើកឡើងថា ការបែកបាក់ផ្ទៃក្នុងរបស់អតីតបក្សប្រឆាំងនេះ វាជាសារជាតិដែលកើតចេញពីហ្សែន ដែលមានតាំងពីកំណើតមក។ ហេតុនេះបើខ្លួនឯងមិនខ្មេះទេ ចូរកុំមកបន្ទោសលើអ្នកដទៃ។ ហើយអ្នកវិភាគអគតិលំអៀងកុំខិតខំបំភាន់មតិសាធារណឲ្យសោះអត់ប្រយោជន៍ទេ។

លោក សុខ ឥសាន ក៏បានលើកឡើងថា អ្វីៗនៅកម្ពុជា មិនអាស្រ័យលើការនិយាយ ដោយអគតិរបស់អ្នកវិភាគមួយចំនួននោះទេ។ ដើម្បីបំភាន់សាធារណមតិជាតិ និងអន្តរជាតិ ចំពោះសភាពការណ៍ ដែលកំពុងវិវត្តន៍នៅកម្ពុជា នាពេលនេះប្រព័ន្ធផ្សព្វផ្សាយបរទេសខ្លះ បាននឹងកំពុងផ្សាយបំពុលសភាពការណ៍តាមរយៈការធ្វើសម្ភាសន៍ជាមួយអ្នកវិភាគមួយចំនួន ដែលមានចរិតលំអៀងនយោបាយ និងមានកំហឹងនឹងរាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា តាមការនិយាយរបស់អ្នកវិភាគទាំងនេះ អ្វីៗនៅកម្ពុជា និងអ្វីៗ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះ សុទ្ធតែខ្មៅងងឹតនិងជាល្បិចកលទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណារាជរដ្ឋាភិបាល នឹងនៅតែដើរតាមគន្លងនៃផែនការការងារ ដែលបានកំណត់ស្រប តាមនីតិវិធីច្បាប់ជាធរមាន ដើម្បីឈានទៅសម្រេចជោគជ័យក្នុង ការពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងការបង្រួបបង្រួមជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post