header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ឲ្យដឹង ក្រោយបញ្ចប់ពិធីក្រុងពាលី នាល្ងាចថ្ងៃទី១៣ ខែធ្នូម្សិលមិញនេះថា បុណ្យសុមទ្រលើកទី៧ ជុំទី២ នៅខេត្ត កោះកុង រយៈពេល៣ថ្ងៃ អាចនិងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយយ៉ាងតិច៩ម៉ឺននាក់ ដែលចំនួននេះកើនឡើងប្រមាណជា៣០% បើធៀបនិងបុណ្យសមុទ្រជុំទី១កាលពីឆ្នាំ២០១៤កន្លងទៅ មានអ្នកចូលរួមតែ៦ម៉ឺននាក់។

លោករដ្ឋមន្រ្តី អះអាងថា យើងហ៊ានព្យាករណ៍ថា មានចំនួនអ្នកចូលរួមច្រើនជាងកាលពីជុំទី១ ដោយសារថា ការរៀបចំនៅជុំទី២ លើកទី៧នេះ ការរៀបចំបានល្អប្រសើរ ខណៈផ្លូវធ្វើដំណើរមកកាន់ខេត្តកោះកុង បានជួសជុលរួចរាល់ហើយ។ ទន្ទឹមជាមួយនេះ អ្នកមានបំណងមកលេងបុណ្យសមុទ្រ និងចង់ចូលទៅលេងខេត្តត្រាត ប្រទេសថៃ ក៏ត្រូវបានអាជ្ញាធរ នៃប្រទេសទាំងពីរសម្រួលជូនដោយឯកសារងាយដូច ជាអត្តញ្ញាណប័ន ប័នសម្គាល់យានយន្ត និងប័នបើកបរអាចឆ្លងកាត់ច្រកអន្តរជាតិចាំយាមកម្ពុជា-ថៃ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថា បុណ្យសមុទ្រលើកទី៧នេះ ខេត្តបានរៀបចំតុបតែងលម្អនូវពូលភ្លើង ដើម្បីបង្កើនសោភ័ណភាពទាក់ទាញបានល្អជាងមុនលើកមុន។ ជាមួយគ្នានេះ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងចង់នាំក្រុមគ្រួសាមកចូលរួមកម្សាន្ត នៅក្នុងបុណ្យសមុទ្រខេត្តកោះកុង សូមមេត្តាបើកបរដោយប្រុងប្រយ័ត្នខណៈផ្លូវស្រួល ប៉ុន្តែ វាមានសភាពបទបែនច្រើន។

ដោយឡែក ប្រជាពលរដ្ឋមកពីខេត្តបាត់ដំបង ព្រៃវែង និងប្រជាពលរដ្ឋម្ចាស់ផ្ទះកោះកុង បានលើកឡើងថា ខេត្តកោះកុងមានទិដ្ឋភាពខុសប្លែកពីឆ្នាំមុនៗ គឺល្អប្រើសើរច្រើន ក្នុងនោះក៏មានផ្លូវថ្នាល់ស្អាត។ ទន្ទឹមនោះពួកគាត់បានសម្តែងនូវក្តីសប្បាយរីករាយ ខណៈដែលអាជ្ញាធរនៃប្រទេសទាំងពីរ បានជួយសម្រួលឯកសារសម្រាប់ឆ្លងដែនទៅវិញទៅមក។

សូមជម្រាប់ថា ពិធីបុណ្យខេត្តកោះកុងឆ្នាំនេះ មានការសម្តែងសិល្បៈការតាំងពិព័រណ៍ផលិតផលកម្ពុជា-ថៃ និងមានការប្រកួតកីឡាចំនួន១២ប្រភេទ ដើម្បីអប់អរសាទរពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post